(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួម កិច្ច ប្រជុំ កំពូល លើកទី៤ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) តាម ប្រព័ន្ធ វីដេអូ ដោយ មាន ការចូលរួម ពីប្រមុខដឹកនាំអាសិប ទាំង១៥ និងអគ្គលេខាធិការអាស៊ាន ដើម្បីពិនិត្យ វឌ្ឍនភាព នៃ ការ អនុវត្តនូវ អាណត្តិ ផ្តល់ ឱ្យ រដ្ឋមន្រ្តីអាសិប កាលពីកិច្ចប្រជុំកំពូលលើកទី៣ និងធ្វើជាសក្ខីភាព នៅក្នុង ពិធី ចុះហត្ថលេខា កិច្ចព្រមព្រៀងអាសិប។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះប្រមុខដឹកនាំអាសិប បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋមន្រ្តី និងអ្នកចរចាអាសិបទាំងអស់ ដែល បាន ខិតខំប្រឹងប្រែងក្នុងរយៈពេល៨ឆ្នាំ កន្លងមកនេះ និងសម្រេចបាននូវអាណត្តិ ដែលបាន ផ្តល់ ឱ្យ កាល ពី កិច្ច ប្រជុំកំពូលអាសិប លើកទី៣ ឆ្នាំ២០១៩កន្លងទៅ។

សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានប្រគល់សិទ្ធិជូនលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួង ពាណិជ្ជកម្ម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ការសម្រេចបាននូវកិច្ចព្រមព្រៀងអាសិប នាពេលនេះ ជាសមិទ្ធិផលដ៏មាន សារ សំខាន់ជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា និងតំបន់ ដែលនឹងចូលរួម ចំណែក ក្នុងការ គាំពារ និងលើកកម្ពស់សកលភាវូបនីយកម្ម និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដោយផ្អែកលើច្បាប់ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន ស្របតាម គោលការណ៍នៃការធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៌។

កិច្ចព្រមព្រៀងនេះ ក៏នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។ អាសិប ក៏ដើរតួនាទី ជាកាតាលីករមួយផងដែរ ក្នុងការចូលរួម ចំណែក ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជន នៅក្នុងតំបន់ ព្រមទាំង ជួយស្តារសង្គម-សេដ្ឋកិច្ចតំបន់ឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ បានបញ្ចប់។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនាពេលនេះ បង្កើតបាននូវ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី ដ៏ធំបំផុតក្នុងពិភពលោក ដែលគ្របដណ្តប់លើ៖ (១) ប្រជាជនប្រមាណ២.២ពាន់លាននាក់ ឬ៣០% នៃចំនួនប្រជាជនពិភពលោក (២) ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ទ្រីលានដុល្លារអាមេរិក ឬ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង (៣) ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃ ទំហំ ពាណិជ្ជកម្មពិភពលោកទាំងមូល (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។

សម្រាប់កម្ពុជា ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់វិទ្យាស្ថាន ERIA បានបង្ហាញថា ក្រោយពីកិច្ចព្រមព្រៀងអាសិបនេះចូលជាធរមាន គិតជាកំណើនប្រចាំឆ្នាំ ការនាំចេញរបស់ម្ពុជានឹងកើនឡើងចំនួន៧.៣% វិនិយោគចំនួន ២៣.៤%, និងផលិតផលក្នុងស្រុកសរុប (ផសស) កើនចំនួនប្រមាណ ២% លើ ផសស ដែលមានបច្ចុប្បន្ន។

នៅក្នុងឱកាសនេះដែរ ប្រមុខដឹកនាំអាសិបបានលើកទឹកចិត្តឱ្យប្រទេស ជាសមាជិក ពន្លឿន ការ បញ្ចប់ នីតិវិធីក្នុងស្រុកក្នុងការផ្តល់សច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ អាចចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខ សំដៅអនុញ្ញាតឱ្យប្រទេសជាសមាជិកទាំងអស់ អាចប្រើប្រាស់ និងទាញ យកអត្ថប្រយោជន៍ ជាអតិបរមា ពី កិច្ច ព្រមព្រៀងអាសិបនេះ។

ប្រមុខដឹកនាំអាសិបក៏បានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងអាសិប នៅតែបើកចំហទទួល ស្វាគមន៍ ភាគី ឥណ្ឌាជានិច្ច នាពេលអនាគតខាងមុខ។

កិច្ចព្រមព្រៀង RCEP ត្រូវបានផ្តួចផ្តើមឡើងនៅខែវិច្ឆិកា ឆ្នាំ២០១២ នារាជធានីភ្នំពេញ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ កិច្ចព្រមព្រៀងនេះ បង្កើតឡើងសំដៅជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ដើមឡើយប្រទេសដែលគ្រោយនឹងចងជាសមាជិកនៃកិច្ចព្រមព្រៀងនេះមានចំនួន ១៦ប្រទេស ក្នុងនោះប្រទេសសមាជិកអាស៊ានចំនួន ១០ និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៦ផ្សេងទៀតរួមមាន៖ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលហ្សេឡង់ និងឥណ្ឌា។

ប៉ុន្តែក្នុងកិច្ចប្រជុំនៅទីក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំ២០១៩កន្លងទៅនេះ ប្រទេសឥណ្ឌា បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះវិញ។ ដោយមានការលើកឡើងថា ការដកខ្លួនព្រោះតែឥណ្ឌាបារម្ភខ្លាចចាញ់ប្រៀបលើការធ្វើពាណិជ្ជកម្មជាមួយចិន។

ការចរចាលើការបង្កើតកិច្ចព្រមព្រៀងនេះមានភាពស្មុគស្មាញច្រើន ហើយត្រូវចំណាយពេលជាច្រើនឆ្នាំ ព្រោះការមិនចុះសម្រុងគ្នាលើចំណុចមួយចំនួនរវាងប្រទេសជាសមាជិក។ មកដល់ចុងឆ្នាំ២០២០នេះ ទើបកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការ។

កិច្ចព្រមព្រៀងនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក ដោយមានការប្តេជ្ញាចិត្តបើកទីផ្សារ សេវាកម្ម ការវិនិយោគ ការកាត់បន្ថយការធ្វើបែបបទគយ។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍខ្សែច្រវាក់តម្លៃក្នុងតំបន់ និងពិភពលោក ហើយជួយសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ានមានការវិវឌ្ឍផងដែរ៕