(ព្រៃវែង)៖ លោក ចាន់ វិចិត្រ តំណាងលោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជាអគ្គនាយកក្រុមហ៊ុន Diamond Lucky Asia Co.,Ltd និងជាសមាជិកក្រុមយុវជនក្រៅប្រទេស នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកក្រុមការងារនាំយកថវិកាចំនួន៤០លានរៀល ជាអំណោយរបស់ លោកឧកញ៉ា ឆាយ សុធា និងលោកស្រី ប្រគល់ជូនក្រុមប្រឹក្សាឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួម។

ក្នុងឱកាសនោះ លោក ចាន់ វិចិត្រ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧកញ៉ា ឆាយ សុធា ជូនដល់ក្រុមប្រឹក្សាឃុំកំពង់អំពិល ដោយលោកឧកញ៉ា ឆាយ សុធា តែងតែគិតគូរជានិច្ចពីសុខទុក្ខ និងផលលំបាករបស់ប្រជាពលរដ្ឋ និងមន្ត្រីក្រុមប្រឹក្សាឃុំកំពង់ពពិលនេះ ដែលលោកតែងតែចូលរួមជួយជាសំភារៈ និងថវិកាផ្ទាល់ខ្លួន ដើម្បីជួយមិនដែលខកខាននោះឡើយ។

លោក ចាន់ វិចិត្រ បានឱ្យដឹងទៀតថា សម្រាប់លោកតា លោកយាយនៅក្នុងឃុំកំពង់ពពិលនេះ លោកឱកញ៉ា ឆាយ សុធា និងរូបលោកផ្ទាល់ តែងតែផ្តួចផ្តើមរៀបចំផ្តល់ជាអាហារ និងដំណើរកម្សាន្តរយៈពេល១សប្តាហ៍ជាមួយនឹងការផ្តល់ថវិកា ក្នុងម្នាក់២០ម៉ឺនរៀល ជារៀងរាល់ឆ្នាំ ដោយឡែកសម្រាប់ឆ្នាំ២០២០ ដោយសារខកខានមិនបានរៀបកម្មវិធីនោះ ទើបលោកឱកញ៉ា និងលោកសម្រេចប្រគល់ថវិកា ជូនក្រុមប្រឹក្សាឃុំកំពង់ពពិលនេះ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមផងដែរ។

លោក ចាន់ វិចិត្រ ក៏បានជំរុញឱ្យមន្ត្រីក្រុមប្រឹក្សាឃុំកំពង់អំពិល រួមគ្នាក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបានចៀសផុតពីជំងឺកូវីដ១៩ ដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលឱ្យបានជាប់ជាប្រចាំ, ត្រូវពាក់ម៉ាស់ឱ្យបានជាប្រចាំ, ត្រូវរក្សាអនាម័យល្អ ផឹកស្អាត ហូបស្អាត, មិនត្រូវនៅជិតគ្នាប៉ះពាល់គ្នា និងជួបជុំគ្នាច្រើនទេ ហើយបើគ្មានការចាំបាច់មិនត្រូវចេញទៅក្រៅផ្ទះនោះទេ និងចូលរួមការពារ និងទប់ស្កាត់នូវជំងឺ Covid-19 កុំឱ្យរីករាលដាល នៅក្នុងសហគមន៍រស់នៅផងដែរ។

លោក ថឹង សំនៀង មេឃុំកំពង់ពពិលបានថ្លែងដែរថា អំណោយជាថវិកានេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមសាងសង់សាលាឃុំកំពង់ពពិល ដែលនៅខ្វះខាតក្នុងការសាងសង់កន្លងមក។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុ តចំពោះលោកឧកញ៉ា ឆាយ សុធា ដែលតែងតែគិតគូរជួយជាបន្តបន្ទាប់រហូតមក និងជូនពរលោកឧកញ៉ា ជួបប្រទះតែសេចក្តីសុខ និងសម្រេចបានគ្រប់ភារកិច្ចការងារ៕