(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន បានចាត់តាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង ដើម្បីដឹកនាំគណៈប្រតិភូនាំយកអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងដំណើរនាំយកអំណោយម៉ាសចំនួន២លាននិងបរិក្ខារពេទ្យសរុបចំនួន១១មុខ ជូនលោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ក៏មានការអមដំណើរដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលផង។

សូមជំរាបថា នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតផ្លូវការពិសេសមួយ ជូនលោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយថ្លែងអំណរគុណចំពោះការហៅទូរស័ព្ទសួរសុខទុក្ខរបស់លោក ថងលុន ស៊ីសុលីត និងបញ្ជាក់អំពីការជួយឧបត្ថម្ភរបស់កម្ពុជា ជូនមិត្តឡាវ នូវម៉ាសចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួន៕