(ភ្នំពេញ)៖ ក្នុងនាមជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

កិច្ចប្រជុំបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃយន្តការអាស៊ានបូកបី ដែលជាវេទិកាដ៏សំខាន់សម្រាប់ការកសាងសហគមន៍អាស៊ីបូព៌ា។ ថ្នាក់ដឹកនាំបានសម្តែងសេចក្ដីសោមនស្សចំពោះវឌ្ឍនភាពក្នុងការអនុវត្តផែនការការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២)។

ថ្នាក់ដឹកនាំបានទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ានបូកបី ជាពិសេសការជួយគ្នាទៅវិញទៅមក និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតនេះ។ ថ្នាក់ដឹកនាំបានឯកភាពគ្នាធានានូវសមភាពក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានតម្លៃសមរម្យ ក៏ដូចជាការធានាខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពរលូន។ ថ្នាក់ដឹកនាំអាស៊ាន បានថ្លែងអំណរគុណចំពោះការចូលរួមពីសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ដូចជាតាមរយៈមូលនិធិឆ្លើយតបអាស៊ាន សម្រាប់ជំងឺកូវីដ-១៩ និងស្ដុកបម្រុងបរិក្ខារពេទ្យតំបន់ អាស៊ាន។

ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលមានជាអាទិ៍ បញ្ហាបរិស្ថាន, សុខាភិបាល, ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ និងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មឌីជីថល, លើកកម្ពស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម, សន្តិសុខស្បៀង, ការអប់រំប្រកបដោយគុណភាព, វប្បធម៌ និងសិល្បៈ, ទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទាក់ទងនឹងការតភ្ជាប់ ថ្នាក់ដឹកនាំ អាស៊ានបានលើកទឹកចិត្តដល់បណ្តាប្រទេសសមាជិកអាស៊ានបូកបីឱ្យគាំទ្រដល់គម្រោងនានាដែលស្ថិតនៅក្រោមផែនការមេស្ដីពីការតភ្ជាប់ (MPAC) ឆ្នាំ២០២៥ និងគូសបញ្ជាក់អំពីតម្រូវការក្នុងការស្វែងរកការសំយោគរវាងផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជាមួយនឹងគំនិតផ្តួចផ្តើមដទៃទៀត ដើម្បីគាំទ្រដល់របៀបវារៈនៃការតភ្ជាប់គ្រប់ជ្រុងជ្រោយក្នុងតំបន់។ ថ្នាក់ដឹកនាំបានឯកភាព ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចតំបន់។

ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានបូកបី បានស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដែគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនឹងរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចឡើងវិញ។ បញ្ហាផ្សេងទៀតដូចជាបញ្ហាឧបទ្វីបកូរ៉េ និងកិច្ចសហប្រតិបត្តិការលំហសមុទ្រក៏ត្រូវបានពិភាក្សាផងដែរ។

កម្ពុជាបានសម្តែងការគាំទ្រចំពោះការបង្កើត «ក្រុមការងារអាស៊ានបូកបីស្តីពីបញ្ហាជំងឺរាតត្បាត» និង «ស្តុកបំរុងបរិក្ខារពេទ្យតំបន់អាស៊ានបូកបីសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ»។ កម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃ «សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី សម្រាប់ភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅចំពោះមុខបញ្ហាប្រឈមដែលកើតឡើងថ្មី» ដែលបានគូសបញ្ជាក់អំពីការប្ដេជ្ញារបស់ប្រទេសអាស៊ានបូកបី ក្នុងការពង្រឹងសមត្ថភាពតំបន់ និងការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលអនាគត នៅក្នុងតំបន់។

បន្ទាប់ពីកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ានបូកបីក៏បានជួបជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ាដើម្បីផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ និងដើម្បីលើក កម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់ នៅក្នុងដំណាក់កាលនៃការស្តារឡើងវិញក្រោយពីវិបត្តិកូវីដ-១៩៕

ខាងក្រោមនេះជាលទ្ធផលទាំងស្រុង នៃកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៣ តាមប្រព័ន្ធវីដេអូ ដែលប្រកាសដោយក្រសួងការបរទេស៖