(បន្ទាយមានជ័យ)៖ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករ ចុះដកយកសំណាកគំរូផ្លែឈើចម្រុះពីក្នុងរថយន្ត ១គ្រឿងដែលមន្ត្រីគយ និងរដ្ឋាករខេត្ត ឃាត់ទុកនៅទីស្នាក់ការគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ។

ការចុះយកសំណាកគំរូដែលមន្ត្រីជំនាញ ក.ប.ប. ខេត្ត បានធ្វើឡើងនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយដកយកមានចំនួន ៧គំរូវិភាគ រួមមាន៖ ផ្លែប្រឡុងកុង ផ្លែប៉ោម ផ្លែក្រូចខ្វិចតូច ផ្លែក្រូចខ្វិចធំ ផ្លែទំពាំងបាយជូរក្រហម ផ្លែទំពាំងបាយជូរខ្មៅ និងផ្លែទទឹម ត្រូវបាននាំចូលពីប្រទេសថៃ យកមកវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូច នៃសាខា ក.ប.ប ខេត្ត។

បើតាមការឱ្យដឹងពីលោក សាន វិជ្ជាសារ៉ាវុធ សាខាប្រធានក.ប.ប ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពីការយកសំណាកផ្លែឈើចម្រុះយកទៅធ្វើការឃើញថា ពុំមានសារធាតុគីមីនោះទេផលិតផលផ្លែឈើទាំង ៧គំរូវិភាគខាងលើ ពុំមានវត្តមានសារធាតុគីមីហាមឃាត់ដែលជាសំណល់ថ្នាំកសិកម្ម ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះទេ៕