(ភ្នំពេញ)៖ បន្ទាប់ពីចេញប្រតិបត្តិការចែកម៉ាស០២ថ្ងៃ ជាប់គ្នារួចមក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញបាន បានទទួលម៉ាសបន្ថែម ចំនួន២ម៉ឺនទៀត ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យកមកចែកជូនប្រជាពលរដ្ឋជាលើកទី៣ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគ កូវីដ-១៩។

មុនពេលយកម៉ាសទៅចែកជូនប្រជាពលរដ្ឋ អាវុធហត្ថរាជធានីភ្នំពេញ តែងតែឆ្លៀតធ្វើការរំលែកម៉ាស ដាក់ចូលថង់ដាច់ដោយឡែកមួយៗ ដើម្បីរក្សាគុណភាពម៉ាស ឲ្យមានអនាម័យ និងមានសុវត្ថិភាពកាន់តែខ្ពស់។

ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រតិបត្តិការចែកម៉ាសលើកទី៣ របស់អាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃនេះ គឺជ្រើសរើសយកគោលដៅនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះចែកដោយផ្ទាល់ និងមានការចូលរួមពីអាជ្ញាធរខណ្ឌ-សង្កាត់ ក្នុងខណ្ឌដង្កោ ព្រមទាំងយុវជ ស.ស.យ.ក សង្កាត់ព្រែកកំពឹសផងដែរ។

តាមផ្លូវទៅកាន់គោលដៅចែកម៉ាសក្នុងខណ្ឌដង្កោ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារ ក៏បានឈប់ចែកដល់អ្នកដំណើរ ដែលមិនមានពាក់ម៉ាសមួយចំនួនជាបន្តបន្ទាប់ និងបានផ្សព្វផ្សាយសារសម្លេងតាមរយៈ ឧគ្ឃោសនសព្ទ ដែលបំពាក់នៅលើម៉ូតូកង់បី ចំនួន១២គ្រឿង ស្តីពីរបៀបប្រើប្រាស់ម៉ាស និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារនិងទប់ស្កាត់ការរីករាលដាល នូវជំងឺឆ្លង កូវីដ១៩ ដែលសារសម្លេងទាំងនេះ ផ្តួចផ្តើមថតចេញឡើងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់។

គួរបញ្ជាក់ផងដែរថា ម៉ាសក្រណាត់ ដែលបានចែកជូននាពេលនេះ អាចបោកទឹកយកមកប្រើប្រាស់បានច្រើនដង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យបញ្ចេញចំនួន២លានម៉ាស ពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រគល់ឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើការចាត់ចែងចែកជូនឲ្យដល់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ៕