(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកពិព័រណ៍ការងារអនឡាញនឹងបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាឥតដែនកំណត់មួយ ពោលគឺនិយោជកអាចចុះឈ្មោះនៅលើទំព័រអនឡាញ ដើម្បីផ្សព្វផ្សាយពីស្លាកសញ្ញាឱកាសការងារទំនេរ និងគោលការណ៍ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន សំដៅទាក់ទាញអ្នកដាក់ពាក្យស្វែងរកការងារ ដែលមានសក្តានុពល សមត្ថភាព និងជំនាញគ្រប់ប្រភេទពីគ្រប់ទីកន្លែង។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត អ៉ិត សំហេង ក្នុងឱកាសដែលបានចូលរួមថ្លែង តាមរយៈវីដេអូពីចម្ងាយ នាឱកាសបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០» ដែលរៀបចំតាមរយៈប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោកបណ្ឌិត អ៉ិត សំហេង បានបន្តថា សម្រាប់អ្នកស្វែងរកការងារវិញ ពួកគេអាចចូលមើលទំព័រផ្សព្វផ្សាយការងារ ជាឯកជនរបស់ក្រុមហ៊ុនជាច្រើន ដែលមានបង្ហោះនៅលើប្រព័ន្ធអនឡាញ ដើម្បីជ្រើសរើសដាក់ពាក្យស្នើសុំការងារ ដែលខ្លួនចាប់អារម្មណ៍ទៅកាន់ក្រុមហ៊ុនច្រើនជាងមួយ, ក្នុងពេលតែមួយ និងពីគ្រប់ទីកន្លែង ហើយអាចទទួលបានការណាត់ជួបសម្ភាស ពីក្រុមហ៊ុនតាមអនឡាញ ឬនាពេលបន្ទាប់ទៀតផង។

«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០» ដែលត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ មានរយៈពេលពីរថ្ងៃចាប់ពី ថ្ងៃទី១៤ ដល់ទី១៥ ខែ។ ពិព័រណ៍ការងារអនឡាញនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំសហការរួមគ្នា រវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC)។

ក្នុងរយៈកាលជិតមួយទសវត្សកន្លងមកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិបានក្លាយជាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ តាមរយៈការកៀរគរប្រមូលផ្តុំនិយោជកពីគ្រប់វិស័យឱ្យចូលរួមតាំងបង្ហាញឱកាសការងារ និងជ្រើសរើសបុគ្គលិកដែលមានសក្តានុពល ព្រមទាំងបើកឱកាសទូលំទូលាយសម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារចូលទស្សនា និងដាក់ពាក្យស្នើសុំការងារដែលខ្លួនចង់បំពេញយ៉ាងសស្រាក់សស្រាំ។

លោកបណ្ឌិត អ៉ិត សំហេង បានបន្ថែមថា ពិព័រណ៍ការងារនេះ គឺជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការបើកចំហរឱកាសការងារដោយផ្តោតការយកចិត្តទុកដាក់ លើការជួយបែងចែកឱកាសទាំងនេះ ឱ្យបានទៅដល់ប្រជាជនគ្រប់រូប ប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារទាំងអស់ ទៅជាមុខរបរកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិជារៀងរាល់ឆ្នាំ ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ។ ប្រសិនបើស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានលប់បំបាត់ទាំងស្រុង ការរៀបចំនឹងប្រព្រឹត្តិទៅតាមរយៈការជួបជុំគ្នាផ្ទាល់ នៅលើទីតាំងធំទូលាយជាធម្មតា។ ករណីស្ថានភាពជំងឺនៅបន្តគំរាមកំហែង និងអូសបន្លាយ ទីភ្នាក់ងារជាតិមុខរបរ និងការងារនឹងបន្តពង្រឹងសមត្ថភាព គុណភាពសេវា ព្រមទាំងបច្ចេកវិទ្យារៀបចំពិព័រណ៍ការងារ តាមអនឡាញជាបន្តបន្ទាប់ទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅ នាំយកឱកាសការងារគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជា កំពុងរស់នៅក្រោមដំបូលសន្តិភាព និងភាពសុខដុមរមនាក្នុងសង្គម ដែលជារតនៈសម្បត្តិមហាសាលមិនអាចកាត់ថ្លៃបានយើងទាំងអស់គ្នា ត្រូវបន្តរក្សាកេរដំណែលនេះ ដើម្បីបន្តភាពរីកចម្រើន ថែរក្សាការងារ និងមុខរបរពង្រីកប្រាក់ចំណូលក្នុងគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ច។

គួរជម្រាបថា នៅក្នុងពិព័រណ៍អនឡាញនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន សហគ្រាស នាំមុខគេសំខាន់ៗ រួមទាំង ក្រសួង-ស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិចំនួនប្រមាណ៤០ ដែលបានចុះឈ្មោះ និងប្រតិបត្តិការនៅលើគេហទំព័រ នៃពិព័រណ៍ការងារអនឡាញ ដែលមានឈ្មោះ www.careerfair.nea.gov.kh។

បន្ថែមលើនេះ ពិព័រណ៍នេះក៏បានបង្កបរិយាកាសប្រាស្រ័យទាក់ទងគ្នា រវាងក្រុមហ៊ុន និងអ្នកចូលទស្សនា ឬដាក់ពាក្យស្វែងរកការងារបានពីគ្រប់ទីកន្លែង និងមិនធ្លាប់មានពីមុនមក។ ក្នុងន័យនេះពិព័រណ៍ការងារនៅតែដើរតួនាទីក្នុងការផ្តល់ឱកាសនៅមួយកន្លែងងាយដោយស្រួលនៅលើប្រព័ន្ធអនឡាញ ដល់អ្នកស្វែងរកការងារសិស្ស និស្សិត និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ក្នុងការផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ ចំណេះដឹង មតិយោបល់និងអនុសាសន៍ល្អៗ ពាក់ព័ន្ធនឹងការងារ អាជីព ជំនាញ ធនធានមនុស្ស និងការបង្កើនផលិតភាពការងារ៕