(ភ្នំពេញ)៖ ទីបំផុតលទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអ្នកនៅជុំវិញសម្តេចទាំងអស់ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះគឺ «អវិជ្ជមាន» ដដែល។ នេះតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច។

សម្តេចតេជោបានបញ្ជាក់ដូច្នេះថា៖ «នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ ជាលទ្ធផលទាំងខ្ញុំ និងភរិយា ក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកា ហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថា នឹងមានលទ្ធផលអវិជ្ជមានទាំងខ្ញុំ និងភរិយា ព្រមទាំងបងប្អូនប្រមាណជាង១០០០នាក់ ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញ សម្រាប់ការសិក្សារបស់កូនចៅយើង»។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបារម្ភអំពីសុខភាព និងជូនពរដល់សម្តេច និងភរិយា។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងរដ្ឋមន្ត្រី និងអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» បានធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី៣ ដើម្បីឱ្យមានភាពច្បាស់លាស់ថាមានឆ្លង ឬមិនឆ្លងជំងឺកូវីដ១៩។ ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោលនោះ។ ដោយឡែកសម្រាប់ សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ត្រូវបានធ្វើតេស្តនៅតាមទីតាំងធ្វើចត្តាឡីស័កនៅគេហដ្ឋាន៕