(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២ ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គ ក៏បានសម្តែងនូវការពេញចិត្ត និងគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់លោក ម៉ូន ចេ អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងការពង្រឹងសហប្រតិបត្តិការផ្នែកធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជាពិសេស ពាក់ព័ន្ធនឹងការទប់ស្កាត់នឹងជំងឺឆ្លង។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គ ក៏បានគាំទ្រនៅការប្តេជ្ញាចិត្តរបស់លោក ម៉ូន ចេ អ៊ីន លើការពង្រឹងការតភ្ជាប់ប្រទេសក្នុងតំបន់ តាមរយៈការអភិវឌ្ឍ វិស័យគមនាគមន៍, ហេដ្ឋារចនាសម្ព័ន្ធទំនើបៗ (ដូចជា ទីក្រុងឆ្លាតវៃ, កសិដ្ឋានឆ្លាតវៃ និងវិស័យផ្សេងទៀត ជាដើម និង ធ្វើជាដៃគូជាមួយប្រទេសក្នុងតំបន់មេគង្គក្នុងការធានាការអភិវឌ្ឍសេដ្ឋ-កិច្ច និងសង្គមប្រកបដោយចីរភាព ជាពិសេស ពាក់ព័ន្ធនឹងធនធានទឹក ថាមពល និងសន្តិសុខស្បៀងផងដែរ។

កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២០ ដែលដឹកនាំដោយសហប្រធានលោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម និងលោក ម៉ូន ចេ អ៊ីន (Moon Jae-In) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។

ក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូល «មេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី ២» តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លើប្រធានបទ «ការពិនិត្យឡើងវិញលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និង ទិសដៅអនាគត», ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គ ពិភាក្សាលើកិច្ចសហប្រតិបត្តិការ រវាងប្រទេសក្នុងតំបន់មេគង្គ និងសាធារណរដ្ឋកូរ៉េ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពជាសារវ័ន្ត ជាច្រើន ដូចជា «សេចក្តីប្រកាសស្តីពីទន្លេមេគង្គ-ហាន ដើម្បីបង្កើតភាពជាដៃគូសម្រាប់ប្រជាជន វិបុលភាព និងសន្តិភាព», «ផែនការសកម្មភាពមេគង្គ-សាធារណរដ្ឋកូរ៉េ ២០១៧ - ២០២០», កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺឆ្លង និងគ្រោះធម្មជាតិ, និងគំនិតផ្តួចផ្តើមផ្សេងទៀតក្នុងតំបន់មេគង្គជាដើម។

ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គ បានស្វាគមន៍ចំពោះការអនុម័ត «ផែនការសកម្មភាពមេគង្គ-សាធារណរដ្ឋ កូរ៉េថ្មី ២០២១ -២០២៥» និងលើកកម្ពស់ «គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី» ទៅជា «គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីបូក»។

ដោយឈរលើស្មារតីសាមគ្គីភាព និងសហប្រតិបត្តិការខ្ពស់រវាងប្រទេសក្នុងតំបន់មេគង្គ និងសាធារណរដ្ឋកូរ៉េ, ថ្នាក់ដឹកនាំទាំងអស់ បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការសម្រេចអនុម័ត «សេចក្តីប្រកាសរួមស្តីពីកិច្ចប្រជុំកំពូលមេគង្គ-អាស៊ាន លើកទី ២» និងការជំរុញលើកកម្ពស់ «ភាពជាដៃគូមេគង្គ-សាធារណរដ្ឋកូរ៉េ» ឱ្យក្លាយជា “ភាពជាដៃគូដែលមានកម្រិតជាយុទ្ធសាស្ត្រ ៕