(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចយល់ព្រមឲ្យកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់លោកស្រី ទ្រី សុផានិត ដែលជាអ្នកលក់ផលិតផលអនឡាញម្នាក់ ទៅក្រុមគ្រួសារវិញដើម្បីពិនិត្យព្យាបាលជំងឺ ទើបបន្ដនីតិវិធីរបស់តុលាការនៅពេលក្រោយ បន្ទាប់ពីលោកស្រីជាសះស្បើយ។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយមានការយល់ព្រមពីលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ហម ម៉េងសែ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលបានប្រគល់ឈ្មោះ ទ្រី សុផានិត ទៅឲ្យក្រុមគ្រួសារវិញ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិនិត្យព្យាបាលជំងឺ ក្រោយដួលសន្លប់ពេលបញ្ជូនដល់ក្លោងទ្វារសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានគូសបញ្ជាក់ថា ដោយអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៉ើបសួរ លោក ហម ម៉េងសែ លោកបានបញ្ជាកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ហែម បូណា នាយការិយាល័យ ចុះអនុវត្តដីកានេះ និងឈានការឃាត់ខ្លួនឈ្មោះ ទ្រី សុផានិត ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកបានបន្ដថា ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានបញ្ជូនឈ្មោះ ទ្រី សុផានិត ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប៉ុន្ដែពេលបញ្ជូនទៅនាយកដ្ឋានជនសង្ស័យ មានសុខភាពល្អធម្មតា និងបានឡាយវីដេអូក្នុងរថយន្ដថែមទៀតថា។ លុះពេលរសៀល បញ្ជូនទៅដល់ក្លោងទ្វារសាលាដំបូងរាជធានីភ្នំពេញ ស្រាប់តែឈ្មោះ ទ្រី សុផានិត មានអាការៈមិនស្រួលខ្លួន និងដួលសន្លប់តែម្ដង។ ភ្លាមៗ កម្លាំងសមត្ថកិច្ច និងក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

រហូតមកដល់ពេលនេះ នគរបាលមិនទាន់អាចបញ្ជាក់បានថា តើលោកស្រី ទ្រី សុផានិត មានជំងឺអ្វីឲ្យប្រាដកនោះទេ? ពោលគ្រាន់តែដឹងថា កាលពីម្សិលមិញនេះ លោកស្រីត្រូវបានបញ្ជូនពីពេទ្យមួយ ទៅពេទ្យមួយ ដើម្បីពិនិត្យជំងឺ និងចុងក្រោយបានបញ្ជូនទៅមន្ទីរពេទ្យសាន់រ៉ៃ។ ប៉ុន្ដែគេដឹងថា លោកស្រី ទ្រី សុផានិត ទើបសម្រាលកូនបានប្រមាណ៣ខែ។ ដោយឃើញស្ថានភាពបែបនេះ តុលាការបានយល់ព្រមឲ្យសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់លោកស្រី ទ្រី សុផានិត ទៅក្រុមគ្រួសារ ដើម្បីពិនិត្យព្យាបាលរហូតជាសះស្បើយ ទើបបន្ដនីតិវិធី។

គួរជម្រាបថា តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅពេលឃាត់ខ្លួន កម្លាំងនគរបាលបានបង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»