(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសអូស្ត្រាលី ដែលជាទីផ្សារមានសក្តានុពលផងដែរនោះបានចំនួន ២៥ ៩៩៤ តោន កើនឡើង៥៣% បើប្រៀបធៀបរយៈពេល១០ខែដូចគ្នា ឆ្នាំ២០១៩ ដែលមានបរិមាណត្រឹមតែ ១៧ ០២៣តោន។

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល១០ខែមកនេះ កម្ពុជាបាននាំអង្ករចេញទៅប្រទេសអូស្រ្តាលីក្នុងបរិមាណ ការកើនឡើងនៃទីផ្សារប្រទេសអូស្រ្តាលីនេះ គឺជាការកើនឡើងមួយដ៏គួរឱ្យកត់សម្គាល់ ជាពិសេសទៅលើប្រភេទអង្ករសរីរាង្គ។

នេះជាមោទនភាពមួយ ដែលរដ្ឋាភិបាលប្រទេសអូស្រ្តាលី បានជួយគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា ដែលធ្វើឱ្យមានការរីកចម្រើន។ បន្ថែមពីលើការនាំចេញមានការកើនឡើង ក៏មានក្រុមហ៊ុននៅប្រទេសអូស្រ្តាលីមួយចំនួនបាន និងកំពុងបន្តការចាប់អារម្មណ៍វិនិយោគវិស័យលើស្រូវអង្ករ នៅកម្ពុជាផងដែរ។

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនអេមរុរ៉ាយស៍ របស់ឧកញ៉ា សុង សារ៉ន នៅខេត្តកំពង់ធំ, លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានសាទរចំពោះការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសអូស្រ្តាលី ដែលបាននិងកំពុងបន្តស្ថិតនៅលើផ្លូវវិជ្ជមានផងដែរ។

សូមជម្រាបថា ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា មានចំនួន ៥៣៦ ០៣៥ តោន ដែលមានការកើនឡើង១៧.១១% បើប្រៀបធៀបនឹងរយៈពេល១០ខែដូចគ្នា ឆ្នាំ២០១៩។ ជារួមទឹកប្រាក់សរុប ដែលកម្ពុជាទទួលបានពីការនាំចេញអង្ករក្នុងរយៈពេល១០ខែ មានចំនួន ៣៦៦.៤៤លានដុល្លារ។

ចំពោះទីផ្សារចម្បងនៃការនាំចេញអង្កររបស់កម្ពុជា គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តរបស់ចិន (ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក៣៦% បន្ទាប់មកគឺ បណ្តាប្រទេសចំនួន២៧នៅក្នុងទ្វីបអឺរ៉ុបមានចំណែក៣២% ហើយទីផ្សារបន្តបន្ទាប់ មានដូចជា បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ មានចំណែក១៣% បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកចំនួន១០ មានចំណែក៩% បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីនិងអូសេអានី ជាពិសេសគឺប្រទេសអូស្រ្តាលី និងញូហ្សេឡេន មានចំណែក៦% បណ្តាដែនកោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង និងអាមេរិក មានចំណែក២% និងចុងក្រោយគឺ បណ្តាប្រទេសនៅក្នុងទ្វីបអាមេរិកខាងជើង និងប្រទេសនៅក្នុងមជ្ឈឹមបូព៌ា មានចំណែក ២%៕