(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលស្ព្រាយ (Spry) សម្លាប់មេរោគចំនួន ១,០០៨ដប ស្មើនឹង១៤កេស សរុបជាទឹកប្រាក់ចំនួន ៦,០៤៨ដុល្លារ ជាការជួយឧបត្ថម្ភរបស់លោក ស្រ៊ាន សំណាង ប្រធានក្រុមហ៊ុនក្នុងស្រុក តាមរយៈឧត្តមសេនីយ៍ឯក ជីម សុខ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការបុគ្គលិក បានឱ្យឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី នាយការិយាល័យសិក្សាគម្រោងទីចាត់ការ អគ្គបញ្ជាការ។

ក្នុងឱកាសប្រគល់ទទួល និងទទួលសម្ភារសម្លាប់មេរោគនេះ លោក ស្រ៊ាន សំណាង បានកោតសរសើរដល់កងទ័ព ដែលនិច្ចកាលបានចូលរួមចំណែកយ៉ាងសកម្មក្នុងភារកិច្ចការពារជាតិ និងប្រជាជន ព្រមទាំងបានចូលរួមយ៉ាងសកម្ម ក្នុងការងារជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ និងកិច្ចការមនុស្សធម៌ ព្រមទាំងបានរក្សាសុខមាលភាពបានល្អប្រសើរ។

លោកបានបន្តថា សម្រាបស្ព្រាយសម្លាប់មេរោគដែលផ្តល់ជូនបញ្ជាការកងទ័ពជើងគោកនាពេលនេះ គឺសម្រាប់ឱ្យកងទ័ពប្រើប្រាស់ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នពិភពលោកកំពុងទទួលរងគ្រោះពីជំងឺដ៏កាចសាហាវនេះ។

ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរងនាយសេនាធិការកងទ័ពជើងគោក ជំនួសមុខឱ្យឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការមនុស្សធម៌ របស់លោក ស្រ៊ាន សំណាង ដែលបានចូលរួមចំណែកក្នុងការគិតគូរពីសុខខទុក្ខ និងសុខមាលភាព របស់កងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន ក៏បានចាត់ទុកសម្ភារពេទ្យដែលបានផ្តល់ដល់បញ្ចាការដ្ឋានកងទ័ពជើងគោកនាពេលនេះ ពិតជាការរួមចំណែកយ៉ាងសកម្មក្នុងចលនាជួយទ្រទ្រង់កងទ័ពជើងគោក និងចំពេលវេលាមួយសមស្រប ដើម្បីជួយដល់កងទ័ព ក៏ដូចជាតម្រូវការចំពោះមុខ ដោយផ្ដល់គ្រប់លទ្ធភាពដល់អង្គភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងការការពារ និងទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ក៏ដូចជាការអនុវត្តន៍នូវវិធានការនានា របស់ក្រសួងសុខាភិបាលផងដែរ៕