(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានចេញសេចក្ដីជូនដំណឹងមួយ ណែនាំដល់ម្ចាស់គ្រឹះស្ថានផលិតឱសថ, ផលិតបរិក្ខាពេទ្យ, ម្ចាស់ឱសថស្ថាន, ឱសថស្ថានរង ត្រូវចែកចាយ ឬលក់ម៉ាស និងផលិតផលសម្លាប់មេរោគ ដែលមានគុណភាព និងសុវត្ថិភាពឲ្យមានតម្លៃថោកសមរម្យ ដែលប្រជាពលរដ្ឋអាចទិញប្រើប្រាស់បាន ក្នុងការការពារចម្លងវីរុសកូវីដ-១៩។

លិខិតរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងតម្រូវឲ្យលោក លោកស្រី ត្រូវចែកចាយ ឬលក់ម៉ាស និងផលិតផលសម្លាប់មេរោគដែលមានលេខទិដ្ឋាការ ឬបញ្ជិការ ឬប្រវេទន៍ ពីក្រសួងសុខាភិបាល ក្នុងតម្លៃថោកសមរម្យ ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពទិញផលិតផលទាំងនេះយកមកប្រើប្រាស់បាន និងហាមឃាត់ដាច់ខាតការចែកចាយ ឬលក់ផលិតផលម៉ាស និងផលិតផលសម្លាប់មេរោគក្លែងបន្លំ ឬអន់គុណភាព។

ក្នុងករណីម្ចាស់គ្រឹះស្ថាន និងឱសថការីទទួលបន្ទុកគ្រឹះស្ថានខាងលើ ឬបុគ្គលណាដែលមិនគោរពតាមការណែនាំនេះ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ដោយធ្វើការផ្អាកសកម្មភាពអាជីវកម្មគ្រឹះស្ថាន និងវិធានការផ្សេងៗ ទៀតស្របតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានណែនាំដល់ប្រជាពលរដ្ឋផងដែរ មុននឹងសម្រេចចិត្តទិញម៉ាស និងផលិតផលសម្លាប់មេរោគ ត្រូវពិនិត្យមើលផលិតផលណា ដែលមានបិទលតាបត្រទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ ដូចមានគំរូបភ្ជាប់មកជាមួយនៅទំព័រទី២ ទើបជាផលិតផលដែលមានទទួលស្គាល់ពីក្រសួងសុខាភិបាល។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងការណែនាំអំពីគុណភាពផលិតផលទាំងនេះ៖