(កណ្តាល)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អាជ្ញាធរក្រុងតាខ្មៅ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានដាក់កម្លាំងមករុះរើលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួន ដែលសាងសង់នៅលើដី និងបឹងរបស់រដ្ឋស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តែពេលចុះរុះរើនោះ គេសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន មិនពេញចិត្តចំពោះអាជ្ញាធរក្រុងតាខ្មៅ ដែលបានប្រើកម្លាំងចុះរុះរើលំនៅឋានរបស់ពួកគាត់ ដោយចាត់ទុកថា ជាសំណង់អនាធិបតេយ្យសាងសង់លើដីរដ្ឋ។

ការមិនពេញចិត្តរបស់ប្រជាពលរដ្ឋ និងស្នើសុំឲ្យអាជ្ញាធរផ្អាកការរុះរើសំណង់របស់ពួកគាត់ខាងលើនេះ ដោយសារតែពូកគាត់បានបញ្ជាក់ថា កាលពីពេលកន្លងទៅអភិបាលខេត្តកណ្តាល បាននិងកំពុងពិចារណា សំណើរបស់ពួកគាត់ដែលបានសុំកាន់កាប់ជាកម្មសិទ្ធស្របច្បាប់។

ប្រជាពលរដ្ឋ បានលើកឡើងថា ដីរបស់ពួកគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ ហើយការកាន់កាប់នេះពួកគាត់បានអាស្រ័យផលធ្វើស្រែចំការ ចិញ្ចឹមសត្វ និងនេសាទ ប៉ុន្តែសម្រាប់ដីទាំងនេះ អាជ្ញាធរអះអាងថា មិនបានធ្វើលិខិតកាន់កាប់ឲ្យនោះទេដោយនិយាយថា ដីនេះជាដីបឹងជាដីរដ្ឋ ហើយបានហាមមិនឲ្យលក់បន្តទៅអ្នកផ្សេងឡើយ។

បើតាមប្រជាពលរដ្ឋ កាលពីពេលកន្លងទៅ ពួកគាត់ក៏បានធ្វើលិខិតសំណូមពរទៅអភិបាលខេត្តកណ្តាល សុំធ្វើលិខិតកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីផងដែរ ហើយនៅក្នុងអង្គប្រជុំរបស់គណៈកម្មការគ្រប់គ្រងដីរដ្ឋនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ អភិបាលខេត្ត បានពិចារណាលើការស្នើសុំរបស់ប្រជាពលរដ្ឋទាំងនេះ ប៉ុន្តែនៅទីបំផុត អាជ្ញាធរក្រុងតាខ្មៅ ក៏ដាក់កម្លាំងចុះមករុះរើផ្ទះតែម្តង។

ពាក់ព័ន្ធនឹងករណីនេះភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយជុំវិញការចុះរុះរើលំនៅឋានរបស់ប្រជាពលរដ្ឋនេះទេ។ ប្រជាពលរដ្ឋបានទទូចស្នើសុំដល់អភិបាលខេត្តកណ្តាល ជួយអន្តរាគមន៍ដោះស្រាយឲ្យពួកគាត់បានអាស្រ័យផល និងសាងសង់លំនៅឋានដើម្បីបានជ្រកកោនឡើងវិញផង៕