(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានក្រើនរំឮកដល់អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ក្នុងការបង្ការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលដល់ក្នុងសហគមន៍ឱ្យបានជាដាច់ខាត ព្រោះបច្ចុប្បន្នជំងឺនេះ មិនទាន់បានធូរស្បើយ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

ការក្រើនរំឮកបែបនេះ របស់លោក ជាវ តាយ បានធ្វើឡើងនៅក្នុងឱកាសដែលលោកចុះជួបសំណេះសំណាល និងសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ មកពីវិទ្យាល័យចំនួន២ ក្នុងស្រុកកំពង់ត្រាច ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ ការជួបសំណេះសំណាល និងសួរសុខទុក្ខនេះ បានប្រព្រឹត្តឡើង នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាល័យព្រះបិតាជាតិ ស្ថិតក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានបន្តថា បច្ចុប្បន្នពិភពលោកស្ថិតក្នុងបរិបទរងការញាំញី ដោយឥទ្ធិពលជំងឺកូវីដ-១៩ ប៉ុន្តែក្នុងនោះកម្ពុជាយើង។ ដោយឡែកក្នុងខេត្តកំពត ពុំមានបញ្ហាការឆ្លងជំងឺកូវីដ-១៩ ចូលមកដល់ក្នុងសហគមន៍ឡើយ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្ស ឱ្យបង្កើនការចូលរួមគោរពច្បាប់នានា។ ពិសេសបញ្ចៀសការចរាចរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានជាដាច់ខាតព្រោះបច្ចុប្បន្ន បញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិព្រមទាំងធនធានមនុស្សក្នុងសង្គមកម្ពុជា ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងខ្លាបំផុត។

លោកអភិបាលខេត្ត ជាវ តាយ ក៏បានផ្ដល់ជូននូវថវិកាសរុប ១៤,៤៦០,០០០រៀល ជូនដល់លោកគ្រូ អ្នកគ្រូ ដែលបង្រៀនថ្នាក់ទី១២ និងគណៈគ្រប់គ្រងសាលា សរុបចំនួន ៥៦នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល និងសិស្សានុសិស្ស ចំនួន៥៨៣នាក់ ក្នុងម្នាក់ៗ ថវិកា ២ម៉ឺនរៀល និងសៀវភៅកម្រងវិញ្ញាសារ ព្រមទាំងឧបត្តម្ភកងកម្លាំង សរុបចំនួន១០នាក់ ដោយម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល៕