(កំពង់ឆ្នាំង)៖ កូនឈើគ្រញូងជាង២០០ដើម ត្រូវយកមកដាំនៅក្នុងសាលាគិរីសុវណ្ណវង្ស ដែលជាសាលាជាប់ចំណាត់ ថ្នាក់លេខ១ ក្នុងខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្ត បានពន្យល់បង្ហាញពីអត្ថប្រយោជន៍នៃព្រៃឈើចំពោះមនុស្សជាតិ និងណែនាំដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ចេះស្រឡាញ់ព្រៃឈើ រួមគ្នាថែរក្សា និងអភិរក្សនូវសម្បត្តិធម្មជាតិ ឱ្យមានពណ៌ខៀវ ស្រស់បំព្រងឡើងវិញ។

លោក ប្រាក់ សោភ័ណ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងជំរុញនូវការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន និងតាមសាលារៀន ដូច្នេះ ក្នុងនាមយើងជាសិស្ស ត្រូវចូលរួមទាំងអស់គ្នាក្នុងការរៀបចំសោភ័ណភាព សាលាឱ្យមានភាពស្រស់បំព្រង។

ជាពិសេសការចូលរួមដាំកូនឈើនាពេលនេះ ពិតជាមានតម្លៃ និងមានអត្ថប្រយោជន៍យូរអង្វែង ពោលគឺបានចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សោភ័ណភាព នៅក្នុងសាលារៀនរបស់យើង។ ម្យ៉ាងទៀតការដាំដើមឈើប្រភេទឈើប្រណិតនាពេលនេះ ក៏ជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

លោក សៀត គឹមលៀង អនុគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានថ្លែងថា ក្នុងការដាំកូនឈើនេះ គឺមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន យុវជនសាខាកាកបាទ ក្រហមកម្ពុជា លោក គ្រូអ្នកគ្រូ សិស្សានុសិស្ស បានចូលរួមដាំកូនឈើក្រញូងជាឈើប្រណិត ដ៏កម្រប្រមាណជាង ២០០ដើម ក្នុងសាលារៀន ដែលសកម្មភាពនេះគឺជាការចូលរួម ចំណែកក្នុងសកម្មភាពជួយសង្គម និងស្តារហេដ្ឋារចនាសម្ព័ន្ធ និងឱ្យពួកគាត់មានការយល់ដឹងចេះដាំដើម និងស្រឡាញ់ដើមឈើ ថែទាំដើមឈើ និងចេះជួយគ្នាអភិរក្សធនធានធម្មជាតិតទៅថ្ងៃមុខ។ ដើមឈើមានសារៈប្រយោជន៍ដល់មនុស្សនិងសត្វ វាអាចផ្តល់ជាម្លប់ដ៏ត្រជាក់ពេលវាធំឡើងនៅក្នុងសាលារៀន។

ដូច្នេះ សូមឱ្យលោកគ្រូអ្នកគ្រូ សិស្សានុ សិស្សទាំងអស់ ជួយថែរក្សាព្រៃឈើ និងបញ្ឈប់នូវការកាប់បំផ្លាញដើមឈើ និងបញ្ឈប់ការកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ព្រោះព្រៃឈើអាចផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើនដល់មនុស្សសត្វ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុផងដែរ៕