(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ចាម នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងឆ្នាំនេះប្រទេសកម្ពុជាមានខេត្ត២០ ដែលរងគ្រោះតំបន់ដែលប៉ះពាល់ធ្ងន់ជាងគេ គឺនៅទិសភូមិភាគ៥។ ក្រោមការអំពាវនាវរបស់សម្តេចតេជោ ក្រសួងស្ថាប័នជាតិ, អាជ្ញាធរដែនដី, កម្លាំងប្រដាប់អាវុធ, ប្រជាពលរដ្ឋ, យុវជនស្ម័គ្រចិត្ត និងសប្បុរសជន បានរួមគ្នាជាចលនានៅទូទាំងប្រទេស ដើម្បីចុះជួយប្រជាពលរដ្ឋរងគ្រោះ ដោយបានជួយសង្គ្រោះអាយុជីវិតច្រើនទាន់ពេលវេលា, ការពារទ្រព្យសម្បត្តិ និងថែទាំសុខភាពប្រជាពលរដ្ឋជាប់ជាប្រចាំ។ នៅក្នុងដំណាក់កាលស្តារឡើងវិញនេះ ក៏បានបន្តផ្តោតការយកចិត្តទុក ដាក់លើការចែកស្រូវពូជ ដើម្បីធានាការបង្កបង្កើនផលឡើងវិញ។ ប្រជាពលរដ្ឋ ជាមូលដ្ឋាននៃប្រទេសជាតិ ហើយជីវភាពគ្រួសារនីមួយៗ គឺជាមូលដ្ឋាននៃការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

លោកថា ប្រតិបត្តិការមនុស្សធម៌នេះ បានចាប់ផ្តើមតាំងពីដើមដំបូងនៃវិបត្តិ ដោយឈានចេញពីកន្លែងរងគ្រោះខ្លាំង ដូចដែលសម្តេចតេជោ បានចុះដឹកនាំផ្ទាល់ ហើយបច្ចុប្បន្ន ទោះបីសម្តេចមិនអាច ចូលរួមផ្ទាល់បាន ដោយសារជាប់វិធានការចត្តាឡីស័កក្រោយព្រឹត្តិការណ៍០៣វិច្ឆិកា ប៉ុន្តែសម្តេចបានចាត់តំណាងបន្តចុះទៅតាមមុខព្រួញរងគ្រោះផ្សេងៗ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ បានទទួលជំនួយឧបត្ថម្ភទាន់ពេលវេលាក្នុងស្ថានភាពបន្ទាន់នេះ។ ជាងនេះទៀត មន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ក៏នឹងបន្តយកចិត្តទុកដាក់ចុះវាយតម្លៃផលប៉ះពាល់នៅតាមមូលដ្ឋានជាប្រចាំ ដើម្បីបន្តជួយរហូតទាល់តែស្ថានភាពបានល្អប្រសើរឡើងវិញ។

លោកបានបញ្ជាក់ថា ការជួយដល់ប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់ និងជាការជួយសង្គ្រោះពិតជាក់ស្តែង ដែលខុសពីការធ្វើប្រជាភិថុតិដើម្បីតែល្អមើល។ ការខិតខំកន្លងមករបស់ សម្តេចតេជោ និងមន្ត្រីរាជរដ្ឋាភិបាល មានគោលដៅតែមួយគត់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរងគ្រោះទទួលបានជំនួយឧបត្ថម្ភដោយផ្ទាល់ដៃ។ ពួកគាត់ទាំងនេះ គឺជាសាក្សីផ្ទាល់នៃកិច្ចខិតខំប្រឹងប្រែង។ ក្នុងស្មារតីនេះ សប្បុរសជនខ្មែរទាំងក្នុងស្រុក ក្រៅស្រុក រួមទាំងជនបរទេស បានចូលរួមគាំទ្រតាមការអំពាវនាវរបស់សម្តេចតេជោ យ៉ាងច្រើនផុសផុល រហូតទទួលបានមូលនិធិជាង ៨លានដុល្លារ ដើម្បីជួយផ្ទាល់ដល់ប្រជាពលរដ្ឋរងគ្រោះនៅទូទាំងប្រទេស បន្ថែមលើថវិកាជាតិដែលក្រសួងស្ថាប័ន និងអាជ្ញាធរដែនដីមានសម្រាប់ប្រើប្រាស់។ ការគាំទ្រនេះ គឺជាការគាំទ្រអ្នកដែលបានធ្វើជាក់ស្តែង និងបានបង្ហាញអំពីទំនុកចិត្តចំពោះការដឹកនាំសុចរិត និងភាពស្មោះត្រង់របស់សម្តេចក្នុងការប្រើប្រាស់មូលនិធិមនុស្សធម៌ក្នុងបុព្វហេតុប្រជាជន។ ដូច្នេះការរិះគន់ចាប់កំហុសណាមួយ ក៏ជាការវាយប្រហារចំពោះទឹកចិត្តរបស់សប្បុរសជន ដែលបានខិតខំបរិច្ចាគថវិកាជួយប្រជាពលរដ្ឋដោយសុទ្ធចិត្ត។

លោកបានផ្តាំផ្ញើរបស់សម្តេចតេជោ ជូនប្រជាពលរដ្ឋដូចខាងក្រោម៖

* ទី១៖ សូមអរគុណប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលតែងបានគាំទ្រ និងជឿងទុកចិត្តលើការដឹកនាំរបស់សម្តេច។ ប្រជាពលរដ្ឋជាអ្នកកំណត់ជោគវាសនាជ្រើសរើសមេដឹកនាំ ដែលអាចដោះស្រាយ តម្រូវការរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈសង្គ្រាម អសន្តិសុខ និងសន្តិភាព។ នេះគឺជាជម្រើសដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋ ព្រោះសម្តេចតែងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ផ្តើមតាំងពីដំណាក់សង្គ្រោះជីវិតចេញពីរបបប្រល័យពូជសាស៍ និងបានដឹកនាំកសាងស្តារពីបាតដៃទទេ រហូតមានប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ ដរាបណាប្រជាពលរដ្ឋនៅតែទុកជឿទុកចិត្តលើសម្តេច លោកនឹងនៅបន្តជួយជ្រោមជ្រែងដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខទៀត។ នេះគឺជាការប្តេជ្ញាចិត្តរបស់ សម្តេចតេជោ ក៏ដូចជាមន្ត្រីរាជរដ្ឋាភិបាលទាំងមូល។ យើងរួមគ្នាជាមួយប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីអនាគតប្រទេសជាតិ និងអនាគតកូនចៅយើងជំនាន់ក្រោយៗទៀត។

* ទី២៖ សូមអរគុណប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងការថែរក្សាសន្តិភាព។ សង្គ្រាមបានបន្សល់នូវការឈឺចាប់ ហើយកាកសំណល់ពីសង្គ្រាមនៅបន្តគំរាមកំហែង ដល់អាយុជីវិតប្រជាពលរដ្ឋយើងដល់សព្វថ្ងៃ។ ដូច្នេះសូមបន្តថែរក្សាសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះនេះឱ្យបាន។ ហានិភ័យសំខាន់បំផុតនៃសង្គ្រាម មិនមែនជាអាវុធទេ ប៉ុន្តែអាចកើតចេញពីប្រជាពលរដ្ឋដែលបែកបាក់គ្នាក្រោមការញុះញង់របស់អ្នកនយោបាយ។ សន្តិភាពដូចជាខ្យល់ដកដង្ហើម ដែលមិនអាចខ្វះបាន។ មនុស្សទូទៅយល់អំពីតម្លៃនៃសន្តិភាពបំផុត នៅពេលដែលវាបាត់បង់ ពេលដែលសង្គ្រាមផ្ទុះឡើង ដោយយឺតពេលហួសទៅហើយ។ ហេតុដូច្នេះ យើងត្រូវរួមគ្នាដើម្បីការពារសន្តិភាពនេះកុំឱ្យបាត់បង់ម្តងទៀតក្នុងប្រវត្តិសាស្ត្រយើង។

* ទី៣៖ សូមអំពាវនាវឱ្យបន្តប្រុងប្រយ័ត្នយកចិត្តទុកដាក់បង្ការជំងឺកូវីដ១៩ ដោយសារគ្រោះថ្នាក់អាចនឹងកើតមានប្រសិនបើយើងធ្វេសប្រហែស ដូចករណីប្រទេសធំៗមួយចំនួន ដែលកំពុង បន្តរងគ្រោះខ្លាំង ហើយខ្លះបានចាប់ផ្តើមបិទប្រទេសឡើងវិញ។ យើងមិនអាចភ្លេចខ្លួនបានទេ ទោះបីក្នុងរយៈពេលជាង ១០ខែមកនេះ កម្ពុជាអាចគ្រប់គ្រងស្ថានការណ៍បានក៏ដោយ ដោយមិនទាន់មានអ្នកស្លាប់ក្នុងប្រទេស និងមិនទាន់មានករណីចម្លងនៅក្នុងសហគមន៍។ ដូច្នេះសូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ហានិភ័យនៃការរីករាលដាលនៃជំងឺនេះ ដើម្បីសុខភាពរបស់ប្រជាជនយើងទាំងអស់គ្នា៕