(ប៉ៃលិន)៖ ប្រជាពលរដ្ឋ ៦២គ្រួសារនៅក្នុងខេត្តប៉ៃលិន ដែលដំណាំស្រូវខូចខាតដោយសារជំនន់ទឹកភ្លៀង កាលពីខែតុលាកន្លងមកនេះ បានទទួលពូជស្រូវ និងអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយស្តារការបង្កបង្កើនផលដំណាំស្រូវ និងបន្លែបង្ការឡើងវិញ និងសម្រួលដល់ជីវភាពរស់នៅ ដែលកំពុងជួបការលំបាកដោយសារតែការបំផ្លាញពីគ្រោះមហន្តរាយធម្មជាតិនេះ។

អំណោយដ៏ថ្លៃថ្លានេះត្រូវបានលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនឹងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងចែកពូជស្រូវ ព្រមទាំងអំណោយជូនពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តប៉ៃលិន ចំនួន៦២គ្រួសារនេះ នៅស្រុកសាលាក្រៅ នាថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះលោក ផាន់ ចាន់ធុល បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ទោះនាពេលនេះមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ ក៏សម្តេចតែងតែគិតគូរជានិច្ចដល់សុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសនោះចំពោះប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះដែលជួបការលំបាកដោយប្រការផ្សេងៗ នៅគ្រប់ទីកន្លែងទាំងអស់។

ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំជួយសង្គ្រោះ ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងជួយសម្រួលការចាប់ផ្ដើមជីវភាពឡើងវិញ ជាពិសេសការបង្ករបង្កើនផល ដោយលោកបានលើកទឹកចិត្ត ជំរុញឱ្យកសិករយើងត្រូវជម្នះគ្រប់ឧបសគ្គ តស៊ូព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រី ឡើងវិញបន្ទាប់ពីទឹកស្រកចុះ។

លោក ផាន់ ចាន់ធុល បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ បានប្រកាន់ខ្ជាប់នូវប្រពៃណីផ្សារភ្ជាប់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដោយបានបែងចែកការទទួលខុសត្រូវ ឱ្យមន្រ្តីចុះតាមគ្រប់មូលដ្ឋាន ដើម្បីតាមដានបញ្ហាប្រឈម សំណូមពរនានា និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយយើងទាំងអស់គ្នា រួមសុខរួមទុក្ខជាមួយគ្នា និងមិនមានទម្លាប់រត់ចោលគ្នានោះទេ។

ជាមួយនោះដែរលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សា សុខភាព ដោយអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំដើម្បីទប់ ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺរាតត្បាតផ្សេងៗទៀត ហើយត្រូវចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការអប់រំណែនាំកូនចៅចៀសឱ្យផុតពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ឱ្យដឹងថា ដំណាំកសិកម្មទូទាំងខេត្តប៉ៃលិន អនុវត្តន៍បានសរុបចំនួន ៦៩២០៦ ហ.ត ខូចខាតមានចំនួន ៣,៧៨៥ហ.ត ក្នុងនោះរួមមាន៖ ដំណាំស្រូវ ផ្ទៃដីអនុវត្តន៍បានសរុបចំនួន ៦,១៥៤ ហ.ត ខូចខាតចំនួន ៦២ហ.ត ដំណាំសាកវប្បកម្មផ្ទៃដីអនុវត្តន៍បានសរុបចំនួន ១០,៩១៣ ហ.ត ខូចខាតចំនួន ៤៤ហ.ត ដំណាំឧស្សាហកម្មផ្ទៃដីអនុវត្តន៍បានសរុបចំនួន ៥២,១៣៩ ហ.ត ខូចខាតចំនួន ៣,៦៧៩ហ.ត ក្នុងនោះដំណាំដំឡូងមីផ្ទៃដីអនុវត្តន៍បានសរុបចំនួន ៣៩,៧៤០ ហ.ត ខូចខាតចំនួន ៣,១០៦ហ.ត ដំណាំពោតក្រហមវគ្គ២ផ្ទៃដីអនុវត្តន៍បានសរុបចំនួន ៥ ៨០៥ ហ.ត ខូចខាតចំនួន ៥៧៣ហ.ត។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានទទួលអំណោយរបស់សម្តេចតេជោ នាឱកាសនេះ មានចំនួន ៦២គ្រួសារ ដោយក្នុងមួយគ្រួសារ ៗទទួលបានពូជស្រូវសែនក្រអូប (OM5451) ចំនួន ០៤ការ៉ុង ស្មើនឹង ១០០គីឡូក្រាម, អង្ករ ២៥គីឡូក្រាម, មី ១កេស, ឃីត ១កញ្ចប់ (កន្ទេល ១ ភួយ ១ មុង ១)៕