(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងលោក ប៉ាន់ សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូចូលរួមសម័យប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ចំនួន២។

សេចក្តីព្រាងច្បាប់ចំនួន២នោះរួមមាន ១៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន និង ២៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។

លោករដ្ឋមន្ត្រី បានបញ្ជាក់ពីអត្ថប្រយោជន៍នៃ «សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន» ថា នឹងធ្វើឱ្យពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានភាពល្អប្រសើរឡើងឆ្លើយតបទៅនឹង ការវិវត្តនៃសេដ្ឋកិច្ចពិភពលោក ព្រមទាំងតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ាន-ជប៉ុន តាមរយៈការធ្វើសេរីភាវូបនីយកម្ម លើពាណិជ្ជកម្មសេវាកម្ម បម្លាស់ទីរូបវន្តបុគ្គល និងការវិនិយោគ។

លោករដ្ឋមន្ត្រីបន្តថា កម្ពុជានឹងមានកាលានុវត្តភាព កាន់តែច្រើនបន្ថែមទៀត ក្នុងការទទួលបានផលប្រយោជន៍ ពីកិច្ចព្រមព្រៀងដែលបានធ្វើវិសោធនកម្មរួចនេះ ដោយសារជប៉ុនជាទីផ្សារមូលធនដ៏ធំក្នុងតំបន់ ព្រមទាំងមានបច្ចេកវិទ្យាជឿនលឿន។ ក្រោយពីពិធីសារនេះចូលជាធរមាន នឹងជំរុញការទាក់ទាញវិនិយោគិន និងធុរជនជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ហើយលំហូរនៃបច្ចេកទេស និងបច្ចេកវិទ្យាកាន់តែមានភាពល្អប្រសើរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជម្រាបជូនសម្តេចប្រធាន និងសមាជិកព្រឹទ្ធសភាពីភាពចាំចាច់នៃ «សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម» ថាដើម្បីជំរុញឱ្យលំហូរនៃពាណិជ្ជកម្មសេវាកម្ម ក្នុងចំណោមបណ្តារដ្ឋសមាជិកអាស៊ានកាន់តែមានភាពល្អប្រសើរ ហើយកម្ពុជានឹងទទួលបានភាពជោគជ័យ នៅក្នុងម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្មសេវាកម្ម ជាពិសេសលើវិស័យសំខាន់ៗ ដូចជា សេវាទូរគមនាគមន៍ សេវាហិរញ្ញវត្ថុ សេវាដឹកជញ្ជូន និងវិស័យចាំបាច់មួយចំនួនទៀត។

ម្យ៉ាងទៀត ការបើកទូលាយនេះ នឹងជួយដល់អ្នកផលិត និងអ្នកនាំចេញរបស់កម្ពុជា ក្នុងការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់ខ្លួនចំពោះទំនិញ និងសេវាកម្ម ដែលពួកគេផលិត និងលក់ចេញ ដែលកត្តានេះនឹងជំរុញឱ្យកម្ពុជាប្រែក្លាយខ្លួន ទៅជាប្រទេស ដែលមានការវិនិយោគផ្ទាល់ ទៅកាន់ទីផ្សារអាស៊ាន និងពិភពលោក។ លើសពីនេះទៀត កម្ពុជានឹងអាចប្រមូលចំណូលពន្ធអាករ កាន់តែច្រើនឡើងជាចំណូលជាតិ ដោយអនុលោមទៅតាមច្បាប់សារពើពន្ធកម្ពុជា ពីការធ្វើអាជីវកម្មពាណិជ្ជកម្មសេវាកម្ម របស់សមាជិកអាស៊ានផ្សេងទៀត។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងអំណរគុណជូនចំពោះ សម្តេចប្រធាន សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលរួមពិភាក្សា ការពារ លើសេចក្តីព្រាងច្បាប់ទាំងពីរនេះ។

លោករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ច្បាប់ទាំងពីរនេះ នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្ត ដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថាសេចក្តីព្រាងច្បាប់ទាំងពីរនេះ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យ ប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ និងត្រូវបានអនុម័តយល់ព្រមពីរដ្ឋសភាជាតិនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ ដែលទទួលបានការអនុម័តយល់ព្រមចំនួន១១៦ សម្លេង ព្រមទាំងត្រូវបានអនុម័តយល់ព្រមពីព្រឹទ្ធសភា នៅថ្ងៃនេះចំនួន ៥២ សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕