(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើលិខិតទៅកាន់អភិបាលរាជធានី-ខេត្ត ស្ដីពីការពង្រឹងការងារគ្រប់គ្រង រួមទាំងសន្ដិសុខ សណ្ដាប់ធ្នាប់ និងតាមដានបុគ្គលក្នុងការអនុវត្តវិធានការសំខាន់ៗ នៃការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។

ក្នុងលិខិតនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា ដើម្បីពង្រឹងការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពប្រគល់ជូនអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យទទួលខុសត្រូវតាមដាន និងគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើបទពិសោធន៍ពីការគ្រប់គ្រងពលករដែលវិលត្រឡប់មកពីប្រទេសថៃ កាលពីខែមេសា កន្លងទៅ ដោយត្រូវ៖

*ទី១៖ ចាត់កម្លាំងសមត្ថកិច្ចជួយដល់ការយាមកាមឲ្យបានហ្មត់ចត់ ព្រមទាំងតាមដានការអនុវត្តធ្វើចត្តាឡីស័ករបស់បុគ្គលនៅតាមមណ្ឌលចត្តាឡីស័ក និងនៅតាមផ្ទះធ្វើចត្តាឡីស័កឲ្យបានម៉ឺងមាត់ជាទីបំផុត

*ទី២៖ ចាត់កម្លាំងសហការជាមួយក្រុមគ្រូពេទ្យ ក្នុងការធ្វើការស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងតាមដានការអនុវត្តវិធានការសំខាន់ៗ នៃការធ្វើចត្តាឡីស័ក និងធ្វើការត្រួតពិនិត្យសុខភាពអ្នកធ្វើចត្តាឡីស័កឲ្យបានទៀងទាត់ និងហ្មត់ចត់ ជាទីបំផុត

*ទី៣៖ ម្យ៉ាងទៀត នៅតាមសណ្ឋាគារដែលទទួលធ្វើចត្តាឡីស័ក ត្រូវចាត់ឲ្យមានការយាមកាមច្បាស់លាស់ ហើយម្ចាស់សណ្ឋាគារ ក៏ត្រូវដាក់អ្នកយាម និងមានការត្រួតពិនិត្យតាមដានអ្នកធ្វើចត្តាឡីស័ក ឲ្យបានច្បាស់លាស់មិនអនុញ្ញាតឲ្យចេញដើររហេតរហូតឡើយ

*ទី៤៖ ក្នុងករណីដែលពិនិត្យទៅឃើញថា ការអនុវត្តការធ្វើចត្តាឡីស័កនៅតាមផ្ទះមិនបានត្រឹមត្រូវ ឬប្រសិនបើបុគ្គលនោះមិនមានលទ្ធភាពក្នុងការ ធ្វើចត្តាឡីស័កនៅផ្ទះ ឫនៅសណ្ឋាគារ ទៅតាមការកំណត់របស់ក្រសួងសុខាភិបាល សូមចាត់បញ្ជូនអ្នកទាំងនោះមកធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ករដ្ឋ ដែលបានកំណត់ដោយក្រសួងសុខាភិបាលឲ្យបានច្បាស់លាស់

*ទី៥៖ ក្នុងករណីមានបុគ្គលណាមិនអនុវត្តតាមវិធានការចត្តាឡីស័ករបស់ក្រសួងសុខាភិបាល សមត្ថកិច្ចគ្រប់ជាន់ថ្នាក់សហការអនុវត្តច្បាប់ ទៅតាមបទដ្ឋានគតិយុត្ត ដែលមានជាធរមាន តាមអនុក្រឹត្យលេខ ១២៩ អនក្រ.បកចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺ នៅតាមច្រកចេញ-ចូល និងតម្រូវឲ្យអនុវត្តការធ្វើចត្តាឡីស័កសារឡើងវិញឲ្យគ្រប់ចំនួន១៤ថ្ងៃ៕