(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវលោក ជា ពិសី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មកចែកជូនដល់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋតាមសហគមន៍មូលដ្ឋាន ក្នុងការពង្រឹងដល់វិធានការ បង្ការការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសចែកម៉ាសជូនដល់រដ្ឋបាលសង្កាត់ទាំង៧ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋតាមសហគមន៍មូលដ្ឋាន ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ជា ពិសី បានក្រើនរំលឹកជាថ្មីម្ដងទៀត ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវដោយធ្វើអនាម័យសម្អាតបរិស្ថាន ដែលខ្លួនរស់នៅ និងចូលរួមបង្ការ ទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយត្រូវសម្អាតដៃឲ្យបានជាប់ជាប្រចាំជាមួយទឹកសាប៊ូ អាល់កុល ឬជែល ហើយត្រូវពាក់ម៉ាសជានិច្ច ជាពិសេសនោះ ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១ម៉ែត្រកន្លះពីគ្នា និងត្រូវកាត់បន្ថយរាល់ការជួបជុំណា ដែលមានមនុស្សច្រើន ឬក៏ដើរកំសាន្តតាមទីសាធារណៈផ្សេងៗ។

លោកអភិបាលខណ្ឌឫស្សីកែវ បានផ្ដាំផ្ញើថា ការផ្តល់ជូនម៉ាសនាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់មិនឲ្យឆ្លងមេរោគកូវីត១៩។

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន ២លាន ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋរស់នៅតាមសហគមន៍ នៅរាជធានីភ្នំពេញ។

ប្រមុខដឹកនាំកម្ពុជា ដែលតែងយកចិត្តទុកដាក់ចំពោះរាស្រ្តសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩៕