(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រធានផ្សារចំនួន៣រួមមាន ប្រធានផ្សារបឹងកេងកង លោក ឯក និមល, លោក សាន់ ប៊ុនណា ប្រធានផ្សារបន្លែច្បារអំពៅ និងលោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ និងក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ និងអតិថិជនដោយបានចែកម៉ាសជូនដល់ដៃពួកគាត់ យកទៅទុកប្រើប្រាស់ ដើម្បីចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩។

ប្រធានផ្សារទាំង៣ បានឲ្យដឹងថា ម៉ាសទាំងអស់នេះ នឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋខ្វះលទ្ធភាពទិញមកប្រើប្រាស់ ក៏ដូចអ្នកចេញចូលផ្សារដែលមិនពាក់ម៉ាសដោយផ្តល់ជូនម្នាក់២បន្ទះ ជាប្រភេទម៉ាសក្រណាត់អាចបោកទឹកបានពាក់ច្រើនដង។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ម៉ាសរាប់ម៉ឺនបន្ទះត្រូវបានបែងចែកទៅតាមខណ្ឌទាំង១៤ និងតាមទីផ្សារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានផ្តល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ សំរាប់ចែកជូនប្រជាសហគមន៍ក្នុងរាជធានីភ្នំពេញ ជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនរបស់សម្តេចតេជោ ក៏ដូចអាជ្ញាធរដែនដី ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ស្ថិតក្នុងដំណាក់កាលឆ្លើយតបទៅនឹងការឆ្លងជំងឺកូវីដ១៩នេះដែរ គណៈគ្រប់គ្រងផ្សារ បានចាត់វិធានការជាច្រើនតាមរយៈការអប់រំ បំផុសអាជីវករឲ្យមានការប្រុងប្រយត្ន័ការឆ្លងកូវីដ១៩ និងបានដាក់គោលដៅវាស់កំដៅសំរាប់អ្នកចេញចូលផ្សារ រួមទាំងការបាញ់អាលកុលតាមច្រកចេញចូលជាច្រើនកន្លែងផងដែរ។

ជាមួយគ្នានេះដែរ ប្រធានផ្សារទាំង៣ បានសូមអំពាវនាវជាពិសេសដល់បងប្អូនប្រជាជន ដែលជាអតិថិជនផ្សារ និងបងប្អូនអាជីវករផ្សារទាំងអស់ ដោយសូមចូលរួមគោរព និងអនុវត្តតាមសេចក្ដីណែនាំ និងវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល ដើម្បីបង្ការដោយការ ការពារ និងទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ហើយការអនុវត្តនូវវិធានការការពារ ដូចជា ការពាក់ម៉ាស និងធ្វើអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវដោយលាងដៃជាមួយអាកុល ឬជែល រក្សាគម្លាត និងត្រូវមានអនាម័យជាប់ជានិច្ចផងដែរ៕