(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤ ដែលបានធ្វើឡើងនាព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានសមាជិកព្រឹទ្ធសភា មានវត្តមានចំនួន ៥២រូប។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែល Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងទៀតថា អង្គប្រជុំនេះ បានអនុម័តលើរបៀបវារៈចំនួន ០៦ ក្នុងនោះមាន៖

១៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។

២៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។

៣៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ។

៤៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ។

៥៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។

៦៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖