(ភ្នំពេញ)៖ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ជីវ លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបន្ដដឹកនាំមន្ដ្រីនគរបាលចុះចែកម៉ាស ចំនួន២,០០០ម៉ាស ជូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤ នៅចំណុចមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោក ខណ្ឌកំបូល។

សូមរំលឹកថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដឹកនាំកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះចែកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋនៅតាមទីសាធារណៈ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ក្រៅពីការដឹកនាំមន្ដ្រីចុះចែកម៉ាសដោយផ្ទាល់ នៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ហើយនោះ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានបែកចែកស្នងការរងម្នាក់ ដឹកនាំមន្ដ្រីចុះចែកម៉ាសនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញផងដែរ។ ក្នុងនោះ ប្រជាពលរដ្ឋម្នាក់ទទួលបានចំនួន២ ហើយតម្រូវឲ្យពាក់ភ្លាមៗនៅកន្លែងតែម្ដង។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ជីវ លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំ និងក្រើនរំលឹកប្រជាពលរដ្ឋអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ដោយត្រូវឲ្យប្រជាពលរដ្ឋធ្វើអនាម័យជាប្រចាំ តាមរយៈការឧស្សាហ៍លាងដៃជាមួយទឹកអាល់កុល ឬជែល និងពាក់នៅទីកន្លែងដែលចាំបាច់ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ។

គួរជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

មេដឹកនាំកំពូលកម្ពុជា ដែលតែងយកចិត្តទុកដាក់ចំពោះរាស្រ្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ បានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបែងចែកម៉ាសភ្លាមៗ ដល់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅចែកបន្តជូនពលរដ្ឋដែលខ្វះខាត ព្រមទាំងបានផ្តល់ជូននគរបាលចរាចរណ៍ ៤០គោលដៅ ដើម្បីពាក់បំពេញភារកិច្ច ក្រោយពេលទទួលបានម៉ាសចំនួន២លានពីក្រសួងសុខាភិបាល។

លោកអភិបាលរាជធានី បានបញ្ជាក់ទៀតថា នៅថ្ងៃស្អែកនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តសកម្មភាពចែកម៉ាសនៅតាមផ្សារ និងគោលដៅផ្សេងៗទៀត ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋដែលខ្វះខាត ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងដល់សហគមន៍កម្ពុជា៕