(ភ្នំពេញ)៖ លោក ស៊ិក វណ្ណៈ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយកោះហៅ លោក គឹម សុខ ឱ្យចូលសវនការជំនុំជម្រះករណី បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

ដីកាកោះហៅ លោក គឹម សុខ បានចេញកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានសមត្ថកិច្ច យកទៅបិទនៅទីលំនៅលោក គឹម សុខ ផ្ទះលេខ៣២, ៣៣ (បន្ទប់លេខ៣ ជាន់ទី១) ផ្លូវលេខ៧៥ ក្រុម៩៨ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ការចុះអនុវត្តបិទដីកាកោះហៅនេះ ត្រូវបានដឹកនាំដោយ លោក ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនសន្តិសុខ ក្រោមកិច្ចសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយ លោកវរសេនីយ៍ត្រី គង់ សុភារិទ្ធ អធិការរងខណ្ឌ និងមន្រ្តីនគរបាលមួយចំនួនទៀត។

លោក គឹម សុខ ធ្លាប់ត្រូវបានតុលាការកាត់ទោស កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ដោយដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ៨លានរៀលចូលថវិការដ្ឋ និងសងសំណងជំងឺចិត្តដល់ ដើមបណ្ដឹងចំនួន៨០០លានរៀល ករណីចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិតកែមឡី។ ប៉ុន្តែទោះជាយ៉ាងនេះក្ តីលោកនៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោដូចគ្នា ក្រោយពីលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្សរួចរកឃាតកមិនដែលឃើញ កាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៧។

ក្នុងសំណុំរឿងនេះនេះ តុលាការបានចោទប្រកាន់ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕