(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀត ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៣,៥០០គ្រួសារ មកពី៧ ស្រុក ក្រុង ក្នុងខេត្តព្រៃវែង។

វិធីនេះបានរៀបចំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពីលោក សួន សុម៉ាលីន អភិបាលស្ដីទីខេត្តព្រៃវែង ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។

លោក សួន សុម៉ាលីន បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ឱ្យដឹងថា ខេត្តព្រៃវែង បានជួបប្រទះនូវទឹកជំនន់ទឹកភ្លៀង ចាប់ពីដើមខែតុលា ឆ្នាំ២០២០ ដែលបានធ្វើឱ្យខូចខាតផ្លូវដែលសាងសង់ដោយមូលនិធិឃុំសរុបជាង ៧ម៉ឺន ៧ពាន់ម៉ែត្រ, ទំនប់ប្រឡាយ ១៥០ម៉ែត្រ, ប្រព័ន្ធលូ ៦៥កន្លែង និងបានប៉ះពាល់ផ្ទៃដីដាំដុះស្រូវចំនួន ៧ក្រុង ស្រុក។

លោកបានបន្តថា ផលស្រូវដែលប៉ះពាល់សរុបមាន ៥,៦៦៨ហិកតា ខូចខាតចំនួន ៣,៥០០ហិកតា ស្មើនឹង ៣,៥០០គ្រួសារ ក្នុងនោះស្រុកបាភ្នំចំនួន ៦២៦ហិកតា, ស្រុកកំពង់ត្របែក ចំនួន ៧៣៦ហិកតា, ស្រុកមេសាងចំនួន ៣៧៦ហិកតា, ស្រុកពាមរក៍ចំនួន ៤៦៥ហិកតា, ស្រុកព្រះស្តេចចំនួន ៥៧៦ហិកតា, ក្រុងព្រៃវែងចំនួន ៣៦០ហិកតា និងស្រុកពោធិ៍រៀងចំនួន ៣៦១ហិកតា។

ថ្លែងនៅក្នុងពិធីសំណេះសំណាលសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា វត្តមានរបស់សម្ដេចដែលបានមកជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋនាឱកាសនេះ គឺស្ថិតក្នុងយុទ្ធនាការមួយរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់លទ្ធភាពឱ្យបងប្អូនអាចចាប់ផ្ដើមការបង្កបង្កើនផលឡើងវិញ។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា ការងារផ្ដល់ជំនួយ ពិសេសពូជស្រូវ ពូជបន្លែជូនពលរដ្ឋនាពេលនេះ គឺជាជំហានបន្ទាប់ ក្រោយពីរាជរដ្ឋាភិបាល បានដឹកនាំការងារជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយទឹកជំនន់ ដែលទន្ទឹមគ្នានឹងការជួយសង្គ្រោះនាពេលកន្លងមកនោះ បងប្អូនប្រជាពលរដ្ឋពិតជាបានជ្រាបហើយថារាជរដ្ឋាភិបាល និងអាជ្ញាធរបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនោះ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា បច្ចុប្បន្ន ខេត្តព្រៃវែងជាខេត្តលេខ១ លើខេត្តបាត់ដំបង ដែលមានការបង្កបង្កើនផលស្រូវបានច្រើន។ សម្ដេចបានបន្ថែមថាការធ្វើស្រូវបានច្រើននេះ ក៏ដោយសារប្រជាពលរដ្ឋជាប្រជាកសិករមានឱកាសធ្វើស្រែបាន២ទៅ ៣ដងក្នុងមួយឆ្នាំ អាស្រ័យដោយមានប្រព័ន្ធធារាសាស្រ្ត និងមានមធ្យោបាយធ្វើស្រែទំនើប រួមផ្សុំនឹងការមានទីផ្សារល្អសមរម្យ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថាសម័យនេះ ទោះបីជាប្រជាកសិករធ្វើស្រែកើនឡើង ប៉ុន្តែតម្រូវការកម្លាំងកសិករធ្វើស្រែបែរជាមានតិចទៅវិញ ដោយសារតែការធ្វើកសិកម្មបានប្រែក្លាយពីកសិកម្មតាមបែបប្រពៃណី មកជាការធ្វើស្រែតាមបែបទំនើប ដូចជាប្ដូរពីការភ្ជួរដោយគោក្របី មកជាការភ្ជួរដោយត្រាក់ទ័រ ឬគោចយន្ត ឬប្ដូរពីការស្ទូងមកជាព្រោះគ្រាប់ និងប្ដូរមកច្រូតកាត់បោកបែនដោយម៉ាស៊ីន។

ឆ្លៀតនៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនប្រជាពលរដ្ឋដែរថា របៀបរបបធ្វើការងាររបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបងប្អូនតែងតែបោះឆ្នោតគាំទ្រមកនេះ គឺមានប្រពៃណីបែងចែកមន្រ្តីឱ្យចុះទៅតាមមូលដ្ឋាន ដើម្បីតាមដានតម្រូវការក្ដីកង្វល់ និងសំណូមពរនានារបស់បងប្អូន ហើយរួមសហការគ្នាពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ដើម្បីមានវិធានការដោះស្រាយឱ្យបានឆាប់រហ័សបំផុត និងមានទំលាប់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក ដោយសម្ដេចបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថារដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋនឹងបន្តបង្កើនការប្រុងប្រយ័ត្ន ហើយអនុត្តវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាកាត់បន្ថយការប្រមូលផ្ដុំ ការប្រើម៉ាស និងលាងដៃជាដើម។

ឧបនាយករដ្ឋមន្រ្តីក៏បានបន្តមានប្រសាសន៍ អំពីបញ្ហាគ្រឿងញៀន ដោយសម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀន វានឹងមិនងាយបញ្ចប់ដូចបញ្ហាកូវីដ-១៩នោះទេ។ ដូច្នេះ សម្ដេចបានអំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមអប់រំកូនចៅ សមាជិកគ្រួសារ ជៀសឆ្ងាយពីគ្រឿងញៀន។ ព្រមជាមួយគ្នានេះ អាជ្ញាធរត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹង ហើយប្រជាពលរដ្ឋត្រូវចូលរួមរាយការណ៍ករណីគ្រឿងញៀន ទៅកាន់អាជ្ញាធរ។

ទន្ទឹមនឹងការរាយការណ៍ ឬប្ដឹងអំពីបញ្ហាគ្រឿងញៀន ឬបញ្ហាផ្សេងៗទៅកាន់អាជ្ញាធរ ឬក្នុងករណីអាជ្ញាធរមិនសូវអើពើនឹងបញ្ហាណាមួយ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកទឹកចិត្ត ប្រជាពលរដ្ឋរាយការណ៍បញ្ហាទាំងនោះទៅកាន់បណ្ដាញផ្សព្វផ្សាយនានា ឬតាមរយៈមធ្យោបាយបណ្ដាញទំនាក់ទំនងសង្គម ដូចជាហ្វេសប៊ុកជាដើម ដើម្បីឱ្យបញ្ហាទាំងនោះត្រូវបានលាតត្រដាង និងមានដំណោះស្រាយ។

មុននឹងបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង សម្ដេចក្រឡាហោម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំក្រុមការងារ និងអាជ្ញាធរគ្រប់លំបាប់ថ្នាក់ដែលបានរួមសាហការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេល និងបានអំពាវនាវប្រជាពលរដ្ឋខិតខំកសាងជីវភាពគ្រួសារឱ្យបានប្រសើរ ដើម្បីចូលរួមលើកកម្ពស់ សេដ្ឋកិច្ចសង្គម និងប្រទេសជាតិ។

សូមបញ្ជាក់ថា អំណោយដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនេះ រួមមានស្រូវពូជ១០០គីឡូក្រាម, គ្រាប់ពូជបន្លែ៤មុខ មានស្ពែពីរមុខ ត្រប់ និងត្រកួន ព្រមទាំងឃីតមួយកញ្ចប់ មានសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគ រួមទាំងថវិកាមួយចំនួនទៀតដែរ។

បន្ទាប់ពីបញ្ចប់ពិធីសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋនៅទីនេះ សម្ដេចបានបន្តអញ្ជើញសួរសុខទុក្ខ និងចែកអំណោយដូចគ្នានេះជូនពលរដ្ឋដែលរៀបចំនៅសាលាខេត្តព្រៃវែង៕