(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដឹកនាំមន្រ្តី និងសមត្ថកិច្ច ចុះចែកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋនៅតាមទីសាធារណៈ (រង្វង់មូលស្ពានជ្រោយចង្វារ) ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ក្រៅពីការដឹកនាំមន្ដ្រីចុះចែកម៉ាសដោយផ្ទាល់ នៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ហើយនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានបែកចែកឲ្យអភិបាលរង និងអភិបាលខណ្ឌ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ចុះចែកម៉ាសនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញផងដែរ។

នៅក្នុងឱកាសនោះ លោក ឃួង ស្រេង បានណែនាំ និងក្រើនរំលឹកប្រជាពលរដ្ឋអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ដោយត្រូវឲ្យប្រជាពលរដ្ឋធ្វើអនាម័យជាប្រចាំ តាមរយៈការឧស្សាហ៍លាងដៃជាមួយទឹកអាល់កុល ឬជែល និងពាក់នៅទីកន្លែងដែលចាំបាច់ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ។

គួរជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

មេដឹកនាំកំពូលកម្ពុជា ដែលតែងយកចិត្តទុកដាក់ចំពោះរាស្រ្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ បានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបែងចែកម៉ាសភ្លាមៗ ដល់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅចែកបន្តជូនពលរដ្ឋដែលខ្វះខាត ព្រមទាំងបានផ្តល់ជូននគរបាលចរាចរណ៍ ៤០គោលដៅ ដើម្បីពាក់បំពេញភារកិច្ច ក្រោយពេលទទួលបានម៉ាសចំនួន២លានពីក្រសួងសុខាភិបាល។

លោកអភិបាលរាជធានី បានបញ្ជាក់ទៀតថា នៅថ្ងៃស្អែកនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តសកម្មភាពចែកម៉ាសនៅតាមផ្សារ និងគោលដៅផ្សេងៗទៀត ដើម្បីចែកបន្តជូនដល់ប្រជាពលរដ្ឋដែលខ្វះខាត ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងដល់សហគមន៍កម្ពុជា៕