(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងក្រុមការងារ នាថ្ងៃទីទី១១ ខែវិចិ្ឆកា ឆ្នាំ២០២០ បានចុះពិនិត្យមើលការព្យាបាលជំងឺ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លង ដល់សត្វពាហនៈរបស់ប្រជាពលរដ្ឋជាង ១ពាន់ក្បាល នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោយជំនន់ទឹកភ្លៀង ព្រមទាំងចែកសៀវភៅស្តីពីវិធីថែទាំ និងវិធានការការពារសត្វពាហនៈអំពីជំងឺឆ្លងផ្សេងៗជាដើម។

បើតាមរបាយការណ៍ពីប្រធានមន្ទីរុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា ខេត្តប៉ៃលិនមានសត្វគោ សរុបចំនួន ១៦,៦៦៦ក្បាល, សត្វចៀម សរុបចំនួន ១៥០ក្បាល, សត្វពពែ សរុបចំនួន ៤៩៥ក្បាល, សត្វជ្រូក សរុបចំនួន ២៦,៤៧៨ក្បាល ក្រោយពីទទួលរងប៉ះពាល់ពីជំនន់ទឹកភ្លៀង បានធ្វើឱ្យសត្វគោឈឺ សរុបទូទាំងខេត្ត ចំនួន១,៦៤៥ក្បាល ក្នុងនោះព្យាបាលជាសះស្បើយ បានសរុប ១,៤៩០ក្បាល ដោយក្នុងស្រុកសាលាក្រៅ ចំនួន ១,០២៥ក្បាល និងក្រុងប៉ៃលិន។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចនូវវិធានការការពារជំងឺឆ្លងកូវីដ-១៩ ដោយត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូ អាល់កុល និងជេល ឱ្យបានញឹកញាប់ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងប្រទេសរបស់យើងទាំងមូល៕