(ប៉ៃលិន)៖ ប្រជាពលរដ្ឋសង្កេតឃើញថា ក្លឹបកម្សាន្ត និងខារ៉ាអូខេជាច្រើនកន្លែងនៅខេត្តប៉ៃលិន កំពុងដំណើរការអាជីវកម្មដោយមិនខ្វល់ពីបំរាម ឬសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមសហគមន៍នោះឡើយ។

ជាក់ស្តែងកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅហាង KTV ក្នុងភូមិផ្សាយព្រំ ស្រុកសាលាក្រៅជាប់ព្រំដែនថៃ និងនៅទីរួមខេត្តប៉ៃលិនជាច្រើនកន្លែងទៀត នៅតែបន្តបើកឱ្យភ្ញៀវចូល ទៅកម្សាន្ត និងមិនមានការប្រុងប្រយ័ត្នឡើង។

ពាក់ព័ន្ធករណីការរិះគន់ពីប្រជាពលរដ្ឋនេះដែរលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានបញ្ជាក់ប្រាន់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា លោកកំពុងតែសុំគោលការណ៍ ពីខាងរដ្ឋបាលខេត្ត ដើម្បីសហការកម្លាំងចុះទៅត្រួតពិនិត្យព្រោះក្លឹមកម្សាន្តយុវវ័យមានការអនុញ្ញាតពីខាងរដ្ឋបាលសាលាខេត្ត ដូច្នេះត្រូវតែសុំការសហការជាមួយខេត្តទើបចុះបាន។

ប្រធានមន្ទីរបានបន្តថា «យ៉ាងយូរថ្ងៃទី១២ ខែវិច្ឆកានេះ លោកនឹងដឹកនាំកម្លាំងចុះទៅណែនាំ និងឱ្យបិទទាំងស្រុងតែម្តង»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញលិខិតបន្ទាន់មួយ ដោយសម្រេចការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩។

លិខិតរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លោកជំទាវ អភិបាលនៃ គណៈអភិបាលរាជធានី-ខេត្ត មេត្តាជ្រាបថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី»

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានស្នើឲ្យរដ្ឋមន្ត្រី និងអភិបាលនៃគណៈ អភិបាលរាជធានី-ខេត្ត ចាត់ចែងអនុវត្តទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់៕