(ភ្នំពេញ)៖ អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល សូមប្រកាសច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលបានលើកឡើងថា មានអ្នកឆ្លងជំងឺកូវីដ១៩ ជាងពាក់កណ្តាល ក្នុងចំណោមអ្នកធ្វើតេស្តជាង ៩០០នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «៣ វិច្ឆិកា»។

ការចេញមកច្រានចោលព័ត៌មានប្រឌិតនេះ បានធ្វើឡើងបន្ទាប់ពីមានសំឡេងបុរសម្នាក់និយាយចែកចាយតាមបណ្តាញសង្គមនាពេលកន្លងទៅនេះថា ក្នុងចំណោមមនុស្សធ្វើតេស្តរកជំងឺកូវីដ១៩ ចំនួនជាង ៩០០នាក់ គឺមានអ្នកវិជ្ជមានរហូតដល់ទៅពាក់កណ្តាល។

តាមរយៈបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ អ្នកស្រី យក់ សម្បត្តិ បានសម្តែងការសោកស្តាយចំពោះជនទុច្ចរិតដែលបានប្រឌិតព័ត៌មានអកុសលទាំងអស់នេះឡើង និងចាត់ទុកការបំផុសព័ត៌មានមិនពិតទាំងនេះ ជាចេតនាពិសពុលមួយក្នុងការធ្វើឱ្យចលាចលក្នុងសង្គម។

អ្នកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា ពាក់ព័ន្ធព្រឹត្តិការណ៍ «៣ វិច្ឆិកា» គិតចាប់ពីថ្ងៃទី០៤-១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានអ្នកធ្វើតេស្ត ២,៤៩៧នាក់។ ក្នុងនោះអ្នកធ្វើតេស្តលើកទី១ ចំនួន ១,៦៨០នាក់ និងលើកទី២ ចំនួន ៨១៧នាក់។ អ្នកស្រីបានអះអាងថា សរុបអ្នកធ្វើតេស្ត ២,៤៩៧នាក់នេះ មានវិជ្ជមានតែ ៤នាក់ប៉ុណ្ណោះ។ ក្រៅពីនោះលទ្ធផលអវិជ្ជមានទាំងអស់។

ទន្ទឹមនឹងការច្រានចោលព័ត៌មាននេះហើយ អ្នកស្រី យក់ សម្បត្តិ បានស្នើសមត្ថកិច្ចជំនាញពាក់ព័ន្ធជួយបង្កើនចំណាត់ការ ដើម្បីចាត់ការលើក្រុមជនខិលខូចទាំងនេះ ដើម្បីទប់ស្កាត់ភាពចលាចលចេញពីការប្រឌិតរបស់ពួកគេ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមជនខិលខូចបានព្យាយាមចែកចាយព័ត៌មានប្រឌិតជាច្រើនពាក់ព័ន្ធបញ្ហាជំងឺកូវីដ១៩។ ក្រៅតែពីប្រឌិតព័ត៌មានបំភ័យរឿងអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនហើយនោះ ពួកគេក៏បានប្រឌិតព័ត៌មានពាក់ព័ន្ធការបិទប្រទេស បិទរាជធានី-ខេត្តផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃនេះ ក៏បានចេញមកច្រានចោលព័ត៌មានដែលពួកគេប្រឌិតថា មានការបិទប្រទេស បិទរាជធានីភ្នំពេញ ខេត្ត ឬតំបន់ណាមួយនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការប្រឌិតព័ត៌មាននេះ ជាការឃោសនាអកុសលរបស់ជនអាក្រក់ សំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣០១នាក់ (ស្រី៦១នាក់ និងបុរស២៤០នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៨៨នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ១៣នាក់៕