(ក្រចេះ)៖ ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គោលការណ៍ដឹកនាំប្រទេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺផ្តោតការលើការជួយសង្គ្រោះប្រជាពលរដ្ឋដោយជាក់ស្តែង និងប្រកបដោយនិរន្តរភាព។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា គោលនយោបាយនេះ គឺត្រូវបានអនុវត្តជាប់រហូតមក ក្នុងរយៈកាលកន្លងមកនេះ ហើយនឹងបន្តអនុវត្ត ជាហូរហែជាប់ទៅមុខទៀត។ ទីណាមានការលំបាក ពេលណាមានការលំបាក គឺមានការជួយសង្គ្រោះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី, មានការយកចិត្តទុកដាក់ របស់ក្រុមការងារថ្នាក់ជាតិ និងមានការចុះជួយផ្ទាល់របស់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដោយគ្មានការរើសអើងអ្វីទាំងអស់។

លោកថា នេះគឺជាភាពជាក់ស្តែង នៃការខិតខំប្រឹងប្រែង ដោយបានអនុវត្តពិតប្រាកដ និងមិនមែនជាការសន្យា ដោយខុសពីអ្នកនយោបាយមួយចំនួន ដែលមិនខ្វល់ខ្វាយអើពើអំពីសុខទុក្ខរាស្ត្រ ហើយអ្វីដែលពួកគេបានធ្វើ គឺការញុះញង់បំបែកបំបាក់ មិនរើសពេល មិនរើសវេលា សូម្បីតែក្នុងពេលរាស្ត្រមានទុក្ខ នៅក្នុងគ្រោះទឹកជំនន់ដូចពេលនេះ ធ្វើយ៉ាងណាបង្កចលាចល និងអសន្តិសុខ ដើម្បីបម្រើឲ្យមហិច្ឆតានយោបាយរបស់ពួកគេ។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ការជួបជុំថ្ងៃនេះ គឺជាការជួបគ្នាដើម្បីជួយគ្នា និងជាកិច្ចការសំខាន់បន្ទាន់ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ ដើម្បីផ្តល់អំណោយឲ្យបានផ្ទាល់ដៃ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងពេលដែលពួកគាត់ កំពុងមានតម្រូវការស្បៀងអាហារ សម្រាប់ដោះស្រាយ ការហូបចុក និងសម្ភារសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាស្រូវពូជដើម្បីស្តារផលដំណាំឡើងវិញ។

លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះគ្រប់បណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ, អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់, កម្លាំងប្រជាពលរដ្ឋ, កម្លាំងយុវជនស្ម័គ្រចិត្ត និងសប្បុរសជាតិ-អន្តរជាតិ ដែលបានរួបរួមក្នុងធ្លុងមហាសាមគ្គី ឯកភាពជាតិ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើងឲ្យឆ្លងផុតវិបត្តិគ្រោះធម្មជាតិនេះ។ ពេលដែលលំបាក គឺជាពេលដែលយើង ត្រូវរួបរួមជួយយកអាសារគ្នា។

ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី៣ចំណុច រួមមាន៖

*ទី១៖ សូមអរគុណប្រជាពលរដ្ឋខេត្តក្រចេះទាំងអស់ ដែលតែងជឿទុកចិត្ត និងការផ្តល់ការទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា

*ទី២៖ សូមអរគុណចំពោះការចូលរួមរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងការថែរក្សាសន្តិភាព។ ថ្នាក់ដឹកនាំនយោបាយ គ្រាន់តែជាកត្តាដឹកនាំប៉ុណ្ណោះ ប៉ុន្តែការបង្កើត និងថែរក្សាបាននូវសន្តិភាពបានឋិតថេរយូរអង្វែង គឺអាស្រ័យលើប្រជាពលរដ្ឋ។ ជាក់ស្តែង សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដោយសារនយោបាយឈ្នះ ឈ្នះ ប៉ុន្តែប្រសិនបើប្រជាជនមិនត្រូវរ៉ូវគ្នា និងមិនទុកចិត្តគ្នា នោះសង្គ្រាមមិនអាចបញ្ចប់ទេ ហើយក៏គ្មាននិរន្តរភាពផងដែរ។

ដោយហេតុនេះហើយ ទើបរាល់ការប៉ុនប៉ងនានាក្នុងការបង្កចលាចល និងអសន្តិសុខ ដោយអ្នកនយោបាយមួយចំនួន ក្នុងរយៈកាលកន្លងមក ក្នុងចេតនាបំផ្លិចបំផ្លាញគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនបានទទួលជោគជ័យសោះឡើយ នេះក៏ដោយសារតែប្រជាពលរដ្ឋមិនគាំទ្រ និងមិនចូលរួម។ ប្រជាពលរដ្ឋយើងដែលគិតគូរដល់ប្រទេសជាតិ ប្រាកដជាយល់ច្បាស់ណាស់ថា ប្រទេសជាតិមួយរីកចម្រើនទៅបានដោយសារ ប្រជាពលរដ្ឋប្រទេសនោះ ដែលរួមសាមគ្គីគ្នា។ បច្ចុប្បន្ននេះ យើងជាខ្មែរដែលលែងបែកបាក់ ជាខ្មែរដែលរួបរួមគ្នាជួយគ្នា។

*ទី៣៖ សូមចូលរួមបង្ការទប់ស្កាត់ និងយកចិត្តទុកដាក់បង្ការថែទាំ និងពិនិត្យសុខភាពឲ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាជម្នះលើវិបត្តិ នៃជំងឺកូវីដ-១៩។ កត្តាជោគជ័យធំទៅកាន់ជោគជ័យនេះ គឺការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ដើម្បីសេចក្តីសុខរបស់ជាតិយើងទាំងមូល៕