(ត្បូងឃ្មុំ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តយីឌុប (ទិសដៅពីខេត្តត្បូងឃ្មុំ ទៅខេត្តក្រចេះ) បានបុករថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី (ទិសដៅពីខេត្តរតនគិរី មកខេត្តត្បូងឃ្មុំ) ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៤នាក់។

ហេតុការណ៍គ្រោះចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតនៅភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ មូលហេតុដោយសារកត្តាល្បឿន និងខ្វះការប្រុងប្រយ័ត្ន។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួស៤នាក់ ដោយនៅក្នុងរថយន្តសង្គ្រោះបន្ទាន់មានមនុស្សចំនួន ៥នាក់ តៃកុងរថយន្តម្នាក់ (របួសស្រាល) គ្រូពេទ្យស្រីម្នាក់ (របួសធ្ងន់បាក់ភ្លៅម្ខាង) អ្នកកំដរអ្នកជំងឺ២នាក់ (របួសធ្ងន់) និងអ្នកជំងឺបានស្លាប់ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍។

ចំពោះអ្នកបើកបររថយន្តធំ (ពុំស្គាល់អត្តសញ្ញាណ) ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់។ ជនរងគ្រោះទាំង ៤នាក់ ត្រូវបានបញ្ជូនទៅព្យាបាល ទៅកាន់មន្ទីរពេទ្យ។ ដោយឡែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕