(ភ្នំពេញ)៖ ទូតជប៉ុនប្រចាំនៅកម្ពុជា បានជូនដំណឹងថា នាថ្មីៗនេះមានករណីមួយបានកើតឡើង ដោយមានទីភ្នាក់ងារស្វែងរកការងារមួយកន្លែង តម្រូវឲ្យអ្នកដាក់ពាក្យបង់ប្រាក់កម្រៃជើងសា ដើម្បីទទួលបានឱកាសការងារ នៅការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប។

តាមសេចក្តីជូនដំណឹង នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ស្ថានទូតជប៉ុន បានបញ្ជាក់ថា៖ «រាល់ការជ្រើសរើសបុគ្គលិករបស់ស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ និងការិយាល័យកុងស៊ុលនៅខេត្តសៀមរាប មិនដែលធ្វើតាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារទេ»។

ស្ថានទូតបានបញ្ជាក់ទៀតថា រាល់ព័ត៌មានទាំងអស់ មានផ្សព្វផ្សាយតែលើគេហទំព័រស្ថានទូត និងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជាតែប៉ុណ្ណោះ។ ស្ថានទូតជប៉ុន ក៏បានអំពាវនាវដល់អ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ៕