(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលនូវព័ត៌មានមួយចំនួន ដែលបង្ហោះលើគណនី Facebook និង Youtube ដែលមានចរិតបំភ្លៃការពិត បំពុលសង្គម ពាក់ព័ន្ធព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ព័ត៌មានបំពុលសង្គមនេះបានបង្ហោះលើគណនី Facebook និង Youtube ថា «ច្រើនណាស់ថ្ងៃនេះ រកឃើញឆ្លង២៣នាក់ទៀត» និង «ចេញលទ្ធផលថ្មី យប់នេះ ១០០% ដៃឆ្វេង ដៃស្តាំ៧នាក់ ឆ្លងកូវីដ»

ចំពោះព័ត៌មានបំភ្លៃការពិតទាំងនេះ ត្រូវបានលោកស្រី ឱ វណ្ឌឌីន ច្រានចោលថា «នេះជាព័ត៌មានមិនពិតធ្វើឲ្យច្របូកច្របល់សង្គម។ សូមច្រានចោលទាំងស្រុងនូវព័ត៌មាននេះ។ សូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ផង។ សូមអរគុណ»

សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា មានចំនួនសរុប ១៤៨១ វត្ថុសំណាក (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលក្នុងចំនួននេះ អ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន០៤នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕