(ភ្នំពេញ)៖ រហូតមកដល់ពេលនេះទីតាំងខារ៉ាអូខេ, បៀរហ្គាឌិន, ម៉ាស្សា, ស្ប៉ា និងក្លឹបហាត់ប្រាណ សរុបចំនួន៤២៩កន្លែងក្នុងរាជធានីភ្នំពេញ បានផ្អាកអាជីវកម្មរបស់ខ្លួនតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ក្រោយកើតមានព្រឹត្តិការណ៍ ៣វិច្ឆិកា។ នេះបើតាមតួលេខដែលបង្ហាញដោយ លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

ស្ថិតិដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងដែលតម្រូវឲ្យផ្អាកអាជីវកម្មបណ្ដោះអាសន្ន ក្រោយព្រឹត្តិការណ៣វិច្ឆិកា រួមមាន៖

*ទី១៖ ខារ៉ាអូខេ ចំនួន១០៩ទីតាំង
*ទី២៖ ឌីស្កូតែក ចំនួន៣៩ទីតាំង
*ទី៣៖ បៀរហ្គាឌីន ចំនួន២១ទីតាំង
*ទី៤៖ ម៉ាស្សា ចំនួន១៨៥ទីតាំង
*ទី៥៖ ស្ប៉ា ចំនួន៨ទីតាំង
*ទី៦៖ ក្លឹបហាត់ប្រាណ ចំនួន៦៧ទីតាំង។

គួរជម្រាបថា ក្រោយទទួលបានការណែនាំពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរទាំង១៤ខណ្ឌ ចុះផ្អាកអាជីវកម្មសប្បាយភាព ទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ពិសេសពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា។

យ៉ាងណាក៏ដោយ លោក ឃួង ស្រេង បានបញ្ជាដល់អាជ្ញាធរទាំង១៤ខណ្ឌ ត្រូវតាមដាន និងពិនិត្យជាប្រចាំ ព្រោះខ្លាចក្រែងទីតាំងសប្បាយភាពមួយចំនួន មិនស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ប្រសិនបើឃើញសកម្មភាពនេះបន្ដកើតឡើង ត្រូវចុះបិទជាបន្ទាន់ដោយមិនត្រូវបណ្ដែតបណ្ដោយនោះឡើយ។

គួរជម្រាបថា ត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជាអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០១នាក់ (ស្រី ៦១នាក់ និងបុរស ២៤០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់៕