(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញមកច្រានចោលទាំងស្រុង ចំពោះការយករូបចាស់ពាក់ព័ន្ធជំងឺកូវីដ-១៩ មកបង្ហោះលើបណ្ដាញសង្គម Facebook ជាថ្មីនាំឲ្យមានការយល់ច្រឡំ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម។

ការចេញមកច្រានចោលរបស់ក្រសួងសុខាភិបាល ធ្វើឡើងក្រោយមានគណនី Facebook មួយឈ្មោះ «មុំ ស៉ីកូប្រា» បានយករូបភាពចាស់ ទៅបង្ហោះជាថ្មីនាំឲ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា «នេះជាព័ត៌មានមិនពិតទេ សុំកុំជឿជារូបភាពចាស់ដែលពេលនោះក៏មិនពិតដែរ ដែលជនអនាមិកបានយកមកផុសឡើងវិញ បំពុលសង្គមធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំ លើស្ថានភាពជំងឺកូវីដ-១៩ បច្ចុប្បន្ននេះ»។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន ក៏បានស្នើអាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសកម្មភាពទាំងនេះ ដែលអាចបង្កចលាចលនៅក្នុងសង្គមនាពេលបច្ចុប្បន្ន។

គួរជម្រាបថា ត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជាអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០១នាក់ (ស្រី ៦១នាក់ និងបុរស ២៤០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់៕