(ភ្នំពេញ)៖ បន្ទាប់សវនាការបានដំណើការនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រធានក្រុមប្រឹក្សារជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសលើកពេលសវនាការ ដោយយកទៅបន្តជំនុំជម្រះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០វិញ។ នេះបើយោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News មុននេះបន្តិច។

លោកបានបញ្ជាក់ទៀតថា ការលើកពេលសវនាការនៅព្រឹកថ្ងៃនេះ គឺដោយមានការស្នើសុំពីភាគីខាងមេធាវីរបស់ក្រុមជនត្រូវចោទទាំង០៩នាក់។

សូមបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សចំនួន០៩នាក់ ដែលគេស្គាល់ថាជាអតីតមន្ត្រីបក្សប្រឆាំងផ្កាប់មុខ ហើយភាគច្រើនពួកគេកំពុងរត់គេចខ្លួនពួនអាត្មា នៅក្រៅប្រទេសកំណើតរបស់ខ្លួន ត្រូវបានតុលាការចេញដីកាបិទប្រកាសឱ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីដោះសារលើបទចោទក្នុងសំណុំរឿង «ឧបឃាត» ប្រព្រឹត្តនៅរាជធានីភ្នំពេញ។

ដីកាប្រកាសដែលសមត្ថកិច្ចយកទៅបិទជាប់របងអតីតស្នាក់បក្សសង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បានបង្គាប់ឱ្យជនត្រូវចោទ ដែលមានទី១៖ ឈ្មោះ សម រង្ស៉ី, ទី២៖ ឈ្មោះ អេង ឆៃអ៊ាង, ទី៣៖ ឈ្មោះ មួរ សុខហួរ, ទី៤៖ ឈ្មោះ អ៊ូ ច័ន្ទឬទិ្ធ, ទី៥៖ ឈ្មោះ ហូរ វ៉ាន់, ទី៦៖ ឈ្មោះ ឡុង រី, ទី៧៖ ឈ្មោះ ម៉ែន សុថាវរិន្ទ្រ, ទី៨៖ ឈ្មោះ ជូឡុង សួមួរ៉ា និងទី៩៖ ឈ្មោះ នុត រំដួល។ ជនត្រូវចោទទាំង៩នាក់ លើសំណុំរឿង «ឧបឃាត»នេះ ត្រូវចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ វេលាម៉ាង៨៖០០នាទី (សាលសវនាការទី១) ជាកំហិត ដើម្បីដោះសារពីការចោទប្រកាន់នេះ។

សូមបញ្ជាក់សវនាការបទល្មើសឧក្រិដ្ឋ លើបទចោទ «ឧបឃាត» នេះ មានលោក សេង ហៀង ជាតំណាងអយ្យការ ចំណែកក្រុមប្រឹក្សាជំនុំជម្រះមានលោក ឌុច សុខសារិន ជាប្រធានក្រុមប្រឹក្សា, លោក ស៊ន ប៊ុណ្ណារិទ្ធិ និងលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា៕