(ស្ទឹងត្រែង)៖ លោក វេង សាខុន រដ្ឋមន្ត្ក្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចាត់តំណាងនាំគ្រាប់ពូជដំណាំ មកចែកគ្រាប់ពូជដំណាំ រួមមាន៖ គ្រាប់ពូជ ពោត ពោត ស្ពៃខៀវ ល្ពៅ និងសណ្តែកគួរ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកន្លងទៅ ចំនួន៤៥១គ្រួសារ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅសាលាឃុំ ស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ក្រោមអធិបតីភាពលោក ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង អភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំ មកពីមន្ទីរជំុវិញខេត្តជាច្រើនរូប។

នៅក្នុងឱកាសនោះដែរ លោក ម៉ុម សារឿន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដា ក់ចំពោះប្រជាពលរដ្ឋ កំពុងជួបការលំបាកនានា ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងកន្លងទៅក្នុងខេត្តស្ទឹងត្រែង។

លោក ម៉ុម សារឿន បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចាត់ឱ្យលោក ចាន់ ចេស្តា ចុះមកពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែងពីជំនន់ទឹកភ្លៀង ដែលបានប៉ះពាល់ទៅដល់ដំណាំកសិកម្មជាច្រើនហិកតារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាដើម។

ជាមួយគ្នានេះដែរលោក ចាន់ ចេស្តា បានបញ្ជាក់ថា ស្របតាមការចង្អុលបង្ហាញពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានពិនិត្យមើលឃើញជាក់ស្តែងអំពីផលប៉ះពាល់ដល់ដំណាំស្រូវ ស្រែចំការជាច្រើនហិកតា របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង ទើបក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់ជាពូជដំណាំទាំងនេះ ដើម្បីស្តារឡើងវិញ ការឱ្យបងប្អូនប្រជាពលរដ្ឋយកទៅដាំដុះនូវដីដែលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងដែលបានស្រកទៅវិញ។

រដ្ឋលេខាធិការរូបនេះ បានបន្ថែមថា នេះគឺជាការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានណែនាំឱ្យចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រាប់ពូជដំណាំ មកចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទេកភ្លៀង នៅក្នុងស្រុកថាឡាបរិវ៉ាត់ ទាំងចំនួន ៤៥១គ្រួសារ នាពេលនេះផងដែរ៕