(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានថ្លែងជំរុញ និងណែនាំឲ្យមន្ត្រីនគរបាលទាំងអស់ នៃវរសេនាតូចព្រំដែនគោកលេខ៧០២ ត្រូវខិតខំបំពេញតួនាទីភារកិច្ចឲ្យបានល្អ ក្នុងបុព្វហេតុបំរើប្រជាពលរដ្ឋនិងសង្គមជាតិ។

ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិ ជូនមន្ត្រីនគរបាលចំនួន៦៥នាក់ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានថ្លែងជំរុញឲ្យមន្ត្រីនគរបាល ដែលទើបទទួលបានភារកិច្ចថ្មី ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អ ក្នុងការបំរើប្រជាពលរដ្ឋ ជាពិសេសត្រូវសហការជាមួយស្ថាបន័ពាក់ព័ន្ធ ក្នុងការទប់ស្កាត់បង្រ្កាបបទល្មើសផ្សេងៗ ពិសេសបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តឧត្តរមានជ័យ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឧត្តរមានជ័យ ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីនគរបាលជាតិយើងគ្រប់ៗរូប។

លោកបញ្ជាក់ថា ការតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្កិ និងផ្ទេរភារកិច្ចនៅពេលនេះ គឺបានដោយសារការខិតខំប្រឹងប្រែង តស៊ូគ្រប់បែបយ៉ាងរបស់មន្ត្រីយើង ដូច្នេះត្រូវខិតខំថែមទៀត ដើម្បីអនាគត់របស់យើង ក្រុមគ្រួសារនិងសង្គមជាតិ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ក៏បានណែនាំឲ្យមន្ត្រីនគរបាលយើង ត្រូវសហការត្រួតពិនិត្យពលករដែលចូលតាមច្រកព្រំដែនទាំងអស់ឲ្យបានច្បាស់លាស់ ឆ្លងកាត់ការពិនិត្យ របស់ជំនាញសុខាភិបាលឲ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត, ត្រូវគោរពវិនយ័ បទបញ្ជាផ្ទៃក្នុងឲ្យបានល្អ ពិសេសត្រូវមានសាមគ្គីផ្ទៃក្នុង និងរក្សាអនាមយ័ជាប់ជានិច្ច ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩៕