(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងរំឮកសារជាថ្មីម្តងទៀត ដល់ម្ចាស់រោងចក្រ សហគ្រាស ជាពិសេសរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នៅក្នុងប្រទេសកម្ពុជា ឱ្យបន្តអនុវត្តឱ្យបានត្រឹមត្រូវ តាមសេចក្តីណែនាំរបស់ក្រសួង ដើម្បីបន្តបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ដើម្បីបន្តបង្កើនការយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល រោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុវត្តដូចតទៅ៖

១៖ ចាត់ចែងឱ្យមានអ្នករដ្ឋបាល ឬអ្នកគ្រប់គ្រងចំនួន ២នាក់ ឬប្រគល់សិទ្ធិដល់គណៈកម្មការសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ (OSH Committee) ឬគណៈកម្មការអេដស៍ និងគ្រឿងញៀន របស់រោងចក្រ ខ្លួនឱ្យធ្វើការផ្សព្វផ្សាយ និងណែនាំ ជាប្រចាំដល់កម្មករនិយោជិតអំពីវិធានអនាម័យ សុវត្ថិភាព និងសុខភាព ការងារ ជាពិសេសវិធានការបង្ការជំងឺកូវីដ-១៩ នៅរៀងរាល់ថ្ងៃសៅរ៍ ឬច្រើនជាងនេះ រហូតដល់ករណីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។

២៖ គ្រប់គ្រង តាមដាន កត់ត្រា និងតម្កល់ឱ្យបានល្អជាប្រចាំថ្ងៃអំពីការអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីចាំបាច់។

៣៖ រៀបចំឱ្យមានទឹកអាល់កុល ឬជែលលាងដៃ ឬសាប៊ូលាងដៃនៅតាមមាត់ច្រកចេញចូលអគារ សម្រាប់កម្មករនិយោជិតលាងសម្អាតដៃមុនពេលចូលក្នុងរោងចក្រ សហគ្រាស។

៤៖ រៀបចំឱ្យមានការវាស់កម្តៅគ្រប់កម្មករនិយោជិតទាំងអស់ មុនពេលអនុញ្ញាតឱ្យចូលក្នុងបរិវេណរោងចក្រ សហគ្រាស ជាពិសេសអគារផលិតកម្ម និងរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរស័ព្ទដែលផ្តល់ដោយក្រសួងសុខាភិបាល ប្រសិនជាមានកម្មករនិយោជិតណាម្នាក់មានកម្តៅលើសពី ៣៧,៥អង្សា និងមានរោគសញ្ញាមួយយ៉ាងតិច ដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរទៅតំបន់ដែលមានកើតជំងឺកូវីដ-១៩ ឬបានប៉ះពាល់ជាមួយអ្នកវិជ្ជមានវីរុសកូវីដ-១៩ ឬអ្នកស្លាប់ដោយសារជំងឺស្រួចស្រាល់ដោយមិនដឹងពីអត្តសញ្ញាណ ឬប៉ះពាល់ជាមួយសត្វឈឺក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញា។

៥៖ រៀបចំបម្រុងទុកម៉ាស់ឱ្យបានគ្រប់គ្រាន់ សម្រាប់បើកផ្តល់ដល់កម្មករនិយោជិត តាមវេជ្ជបញ្ជារបស់ពេទ្យ អាស្រ័យលើស្ថានភាពសុខភាព និងស្ថានភាពទូទៅរបស់កម្មករនិយោជិតម្នាក់ៗ។

៦៖ រំឮកកម្មករនិយោជិតនៅពេលដែលក្អក ឬកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកន្សែង ក្រមា ឬកែងដៃ បន្ទាប់មកត្រូវលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុល។

ក្រសួងការងារ បានថ្លែងអំណរគុណដល់ម្ចាស់រោងចក្រ សហគ្រាស សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចាត់វិធានការបន្ថែមជាវិជ្ជមាននានា នាំឱ្យសម្រេចបាននូវសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិតនាពេលកន្លងមក៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖