(ហុងកុង)៖ តំបន់មួយចំនួន នៅក្នុងសង្កាត់ ម៉ុងកុក (Mong Kok) របស់ទីក្រុងហុងកុង ត្រូវបានប៉ូលិស សម្រេចបិទការធ្វើចរាចរណ៍ ជាបណ្តោះអាសន្នហើយ នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈនេះ បន្ទាប់ពីការតវ៉ាដោយហិង្សា ពីបណ្តាអ្នកលក់ដូរតាមចិញ្ចើមថ្នល់ ជាមួយនឹងមន្ត្រីរៀបចំសណ្តាប់ធ្នាប់ បានកើតឡើងកាលពីយប់ថ្ងៃចន្ទ។

ក្នុងហេតុការណ៍នោះ ប៉ូលិសបានចាប់ ខ្លួនមនុស្ស ២៨នាក់ ដើម្បីចាត់ការតាមផ្លូវច្បាប់ ស្របពេលដែលកងកម្លាំងសមត្ថកិច្ចរហូតដល់ទៅ ៤៤នាក់ឯណោះ បានទទួលរងរបួស នេះបើតាមការផ្សាយរបស់សារព័ត៌មានស៊ិនហួរ។

ក្រោយការតវ៉ា និង ប៉ះទង្គិចគ្នាដោយហិង្សានោះ បានបណ្តាលឲ្យដងវិថីមួយចំនួន នៃតំបន់ខាងលើនេះ ទទួលរង នូវភាពច្របូកច្របល់ ដោយសារទំនិញ និង វត្ថុប្រើប្រាស់ជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងដុតកម្ទេចជាដើម។ ក្រុមអ្នកលក់ដូរ បានផ្ទុះកំហិងជាមូយនឹងមន្ត្រីប៉ូលិស ដែលបានព្យាយាមបណ្តេញតូប និង រទេះលក់ចំណីអាហារ តាមចិញ្ចើមផ្លូវរបស់ពួកគេ ដោយទទួលបានបញ្ជាពី នាយកដ្ឋាន គាំពារបរិស្ថាន និង ចំណីអាហារ ទីក្រុង។

គួរបញ្ជាក់ថា ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និង កាំភ្លើងព្រមាន ដើម្បីបញ្ឈប់ការតវ៉ា ដែលកើតឡើងខ្លាំងនៅលើ វិថី ផតឡេន (Portland), សាងទុង (Shangtung), និង នែលសុន (Nelson) ជាដើម។ បន្ទាប់ពីនោះ ប៉ូលិសបានចាប់ខ្លួនមនុស្ស ២៨នាក់ ដើម្បីចាត់ការតាមផ្លូវច្បាប់ ស្របពេលដែលកងកម្លាំងសមត្ថកិច្ចរហូតដល់ទៅ ៤៤នាក់ ឯណោះបានទទួលរងរបួស៕