(ភ្នំពេញ)៖ ក្នុងថ្ងៃទិវាខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំង «គ» អន្តរាគមន៍អាវុធហត្ថរាជធានីភ្នំពេញ បានចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋ តាមគោលដៅសំខាន់ៗ ទាំងយប់ទាំងថ្ងៃ និងចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងការប្រារព្ធព្រះរាជពិធីបុណ្យឯករាជ្យជាតិ នៅសួនច្បារវិមានឯករាជ្យ បញ្ចប់ទៅដោយរលូនផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅគ្រប់ពេលដែលចេញប្រតិបត្តិការម្តងៗ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងតែបានចូលរួមធ្វើការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈតាមគោលដៅដែលបានឈរជើង។

ជាពិសេសអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយយកចិត្តទុកដាក់រក្សាអនាម័យទាំងក្នុង និងក្រៅអង្គភាព, លាងសម្អាតដៃនឹងសាប៊ូជាញឹកញាប់ បាញ់អាល់កុល និងបាញ់ថ្នាំសម្លាប់មេរោគលើសម្ភារប្រើប្រាស់ ក៏ដូចជាមធ្យោបាយធ្វើដំណើរ គ្រប់ពេលវេលាទាំងពេលចេញ និងចូលក្នុងអង្គភាព ដើម្បីបង្ការ នូវការរីករាលដាល នៃការឆ្លងមេរោគកូវីដ-១៩៕