(បន្ទាយមានជ័យ)៖ សាច់មាន់ចម្រុះខូចគុណភាពប្រមាណជាង ៣៥០គីទ្បូក្រាម ដែលឈ្មួញលួចនាំពីប្រទេសថៃចូលមកកម្ពុជា

តាមច្រករបៀងអូបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីជំនាញដុតបំផ្លាញចោលទាំងអស់ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ ហៅកាត់ ក.ប.ប។

លោក សាន វិជ្ជាសារ៉ាវុធ ប្រាប់ឱ្យដឹងថា ដោយមានកាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកម្លាំង ក.ប.ប ខេត្តបន្ទាយមានជ័យចុះឃាត់សាច់មាន់ខូចគុណភាពទាំងនេះ ដែលឈ្មួញលួចនាំចូលតាមច្រករបៀងអូរបីជាន់ ដឹកឆ្ពោះមកលក់ចែកចាយនៅទីផ្សាក្រុងប៉ោយប៉ែត និងតាមបណ្តាខេត្ត ក្រុងផ្សេងៗ ហើយត្រូវបានកម្លាំងជំនាញនៃសាខា ក.ប.ប. ខេត្ត ដែលចុះប្រតិបត្តិការត្រួតពិនិត្យ បង្ក្រាបបានហើយនាំយកមករក្សាទុកនៅស្នាក់ការសាខា ក.ប.ប. ខេត្ត ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់។

ដោយមានការណែនាំពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យម្ចាស់រ៉ឺម៉កវិលត្រលប់ទៅផ្ទះវិញ រីឯផលិតផលសាច់មាន់ខូចគុណភាពប្រមាណ ៣៥០គីឡូក្រាម ត្រូវដុតបំផ្លាញចោលតាមនីតិវិធី។

លោក សាន វិជ្ជាសារ៉ាវុធ បានអំពាវនាវដល់ពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាគិតគូរសុខភាពជាចម្បង មុននឹងទិញសាច់គ្រប់ប្រភេទយកទៅបរិភោគ សូមមេត្តាពិនិត្យឱ្យបានល្អិតល្អន់មុននឹងយកទៅបរិភោគ៕