(កណ្ដាល)៖ ថ្ងៃទី៩ វិច្ឆិកានេះ រដ្ឋបាលស្រុកល្វាឯម ខេត្តកណ្តាល បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០) ក្រោមអធិបតី លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក និងលោក កន សុខកាយ អភិបាលស្រុកល្វាឯម ព្រមទាំងមានសមាសភាពចូលរួមពី លោក លោកស្រីសមាជិក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពជំនាញជុំវិញស្រុក មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣ ព្រមទាំងមន្ត្រីសាលាស្រុកផងដែរ។

ស្ថិតក្នុងឱកាសនេះ លោក កន សុខកាយ បានថ្លែងថា ថ្ងៃនេះគឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវបានទទួលឯករាជ្យជាតិពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ ហើយពិសេស គឺកម្ពុជាយើងតាំងពីទទួលបានឯករាជ្យមក ស្រុកទេសមានការរីកចំរើន ហើយរឹតតែរីកចំរើនក្នុងសម័យតេជោសន្តិភាព ដែលបានបង្កើតឱ្យប្រទេសជាតិមានស្ថេរភាពល្អ មានសេដ្ឋកិច្ចល្អ មានការរីកចំរើនស្ទើរគ្រប់វិស័យ ដែលញ៉ាំងឱ្យប្រទេសមានការលូតលាស់ទៅមុខជាលំដាប់ និងពលរដ្ឋកាន់តែមានជីវភាពធូរធារ ស៊ីវីល័យខ្លាំងឡើងៗជាលំដាប់ផងដែរ។

លោកបានបញ្ជាក់ទៀតថា ប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នាតែងតែចងចាំ និងចារឹកជាប់ជានិច្ចក្នុងជីវិត នូវព្រះមហាករុណាទិគុណ ប្រកបដោយ ព្រហ្មវិហារធម៌ យ៉ាងជ្រាលជ្រៅរបស់ព្រះករុណា ដែលកន្លងមកព្រះអង្គបានបូជាព្រះកាយពល និងបញ្ញាញានយ៉ាងក្លៀវក្លាបំផុត ដើម្បីធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទាឯករាជ្យនៅកម្ពុជា ឲ្យរួចផុតពីអាណានិគមនិយមបារាំង។

លោកអភិបាលស្រុក បានឲ្យដឹងទៀតថា ព្រះអង្គបានបន្សល់ទុក្ខនូវស្នាព្រះហស្ថ ដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងវឌ្ឍនភាព សង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នាជាកូន ជាចៅ ចៅទួត របស់ព្រះអង្គបានដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូតមក ទោះបីព្រះអង្គយាងចូលព្រះទីវង្គតហើយក៏ដោយ។

ទន្ទឹមនឹងនេះយើងទាំងអស់គ្នា ចូលរួមអបអរសាទរខួបលើកទី៦៧ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដោយបានចាត់ទុកថា សមិទ្ធផលដ៏ធំធេងទាំងឡាយ ដែលយើងសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ការផ្សៈផ្សារបង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស រក្សាការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម កែលម្អអភិបាលកិច្ច លើកស្ទួយវិស័យសាធារណៈ និងការអភិវឌ្ឍន៏ជាតិ។ ប្រការនេះបានធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាមូលដ្ឋានដ៏រឹងមាំគ្រប់ផ្នែកគ្រប់វិស័យ ធ្វើឲ្យកិត្យានុភាពរបស់ប្រទេស មានការផ្លាស់ប្តូរមុខមាត់ថ្មី ស្រស់បំព្រងទាំងផ្ទៃប្រទេស ក៏ដូចនៅលើពិភពលោក៕