(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើសារអបអរសាទរជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ក្នុងទិវាបុណ្យឯករាជ្យជាតិ។

Facebook របស់ស្ថានទូតចិន បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា «អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា!»

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួបលើកទី ៦៧ឆ្នាំហើយ នៃទិវាឯករាជ្យជាតិខ្មែរ ក្រោមស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ដែលបានបំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីអាណានិគមនិយមបារាំង។ ជារៀងរាល់ឆ្នាំ ទិវាមួយនេះ តែងតែត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្ត្រីរាជការ និងប្រជាពលរដ្ឋ ទៅចូលរួមធ្វើពិធីរំលឹក នៅមណ្ឌបឯវិមានឯករាជ្យ។

ទិវាបុណ្យឯករាជ្យជាតិខ្មែរដែលជាតិទាំងមូលមួយនេះទទួលបានឯករាជ្យពេញលេញ ពីប្រទេសបារាំងកាលពី ៦៧ឆ្នាំមុននោះ ក៏មានការដឹងឮជាសកលផងដែរ។ ក្នុងនោះគេឃើញមានសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា ASEAN និងក្រុមហ៊ុន Google ក៏បានចូលរួមអបអរសាទរពិធីបុណ្យជាតិខ្មែរយើងនេះ។

យោងតាម Facebook របស់អាស៊ានបានសរសេរសារយ៉ាងដូច្នេះថា «រីករាយទិវាឯករាជ្យដល់មិត្តខ្មែរយើង! ទិវារំលឹកពីជោគជ័យរបស់ប្រទេសជាតិ ក្នុងការយកឈ្នះលើអាណានិគមនិយមនៅឆ្នាំ ១៩៥៣»

ចំណែកឯក្រុមហ៊ុន Google វិញ គេឃើញក្រុមហ៊ុននេះបានដាក់ទង់ជាតិកម្ពុជា នៅលើគេហទំព័ររបស់ខ្លួនដោយមានសរសេរថា «Cambodia Independence Day»