(កំពង់ចាម)៖ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានថ្លែងទទូចឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោះស្រាយរាល់បញ្ហាដោយ សន្តិវិធី ចៀសវាងការប្រើអំពើហិង្សា ជាពិសេសត្រូវចេះប្រើនូវគុណធម៌ ដើម្បីថ្លឹងថ្លែងដោះស្រាយបញ្ហា ដែលជួបប្រទះ។

លោក លន់ លឹមថៃ ថ្លែងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ខ្នង មាន៣បន្ទប់ នៅសាលាបឋមសិក្សាកែវរមូល ស្ថិតក្នុងភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

នៅក្នុងពិធីនេះ លោក លន់ លឹមថៃ បានថ្លែងសារជាច្រើនបង្ហាញពីការអប់រំ ណែនាំដល់ប្រជាពលរដ្ឋបង្កើននូវវិន័យ សេចក្តីថ្លៃថ្នូរ និងគុណធម៌ ក្នុងនាមជាពលរដ្ឋខ្មែរ ដើម្បីលើកកម្ពស់គុណតម្លៃគ្រួសារ បង្កើនចំណូលគ្រួសារ និងរស់នៅដោយសុភមង្គល នៅក្នុងប្រទេសជាតិ ដែលពោពេញដោយសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕