(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសប្រាប់ដល់អ្នកពាក់ព័ន្ធជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រីទាំងអស់ ត្រូវដាក់អត្តសញ្ញាណបណ្ណជាប់នឹងខ្លួន ពេលទៅធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី២ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ទន្ទឹមនឹងយកអត្តសញ្ញាណបណ្ណជាប់ខ្លួន អ្នកពាក់ព័ន្ធទាំងអស់ត្រូវតែផ្តល់លេខទូរស័ព្ទឲ្យបានត្រឹត្រូវ ដល់ខាងមន្ត្រីក្រសួងសុខាភិបាល។ លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អត្តសញ្ញាណបណ្ណចាំបាច់ត្រូវយកមកជាមួយ និងលេខទូរស័ព្ទជាការសំខាន់ណាស់ ព្រោះលេខទូរស័ព្ទ តេស្តលើកទី១ ដាក់លេខបែបណា លើកទី២ ត្រូវដាក់លេខដូចគ្នា»

គួរជម្រាបថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ៤នាក់ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៣នាក់ (ដែលជាការធ្វើតេស្តលើកទី១) និងវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០១នាក់ (ដែលជាការធ្វើតេស្តលើកទី២ ជាអង្គរក្សការពារផ្ទាល់)។ ដូច្នេះ ចំនួនសរុបអ្នកប៉ះពាល់ទាំងអស់មាន ៨៩២នាក់ សម្រាប់ថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងចំនួននេះ មានបុគ្គលម្នាក់ (ដូចបានជម្រាប ជូនខាងលើនេះ) មានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅពេលធ្វើតេស្តលើកទី២។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹក ដល់អ្នកដែលប៉ះពាល់ទាំងអស់ដែលមានលទ្ធ ផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឱ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធផល ធ្វើចត្តាឡីស័កដោយខ្លួនឯង) ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញ ចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកសំណាកសម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ ចាប់ពីម៉ោង៧ព្រឹក។

ការយកសំណាកដើម្បីធ្វើតេស្តទាំង ៣លើកទៀត រួមមាន៖

* លើកទី២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩៥នាក់ (ស្ត្រី ៦០នាក់ និងបុរស ២៣៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៧នាក់ (បុរស ជនជាតិខ្មែរ ០៣នាក់ ស្ត្រីជនជាតិខ្មែរ ០១នាក់ ស្ត្រីជនជាតិបារាំង ០១នាក់ បុរសជនជាតិប៉ាគីស្ថាន ០១នាក់ និងបុរសជនជាតិឥណ្ឌា ០១នាក់)៕