(បាត់ដំបង)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពង់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញសួរសុខទុក្ខ ចែកពូជស្រូវ និងអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង ចំនួន ១ម៉ឺន ២១០គ្រួសារ។

របាយការណ៍ស្វាគមន៍របស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថា ជំនន់ទឹកភ្លៀងកន្លងទៅនេះ បានបណ្ដាលឱ្យមានការលិចលង់ក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ស្មើនឹង ៩៩ឃុំ និងបណ្ដាលឱ្យប៉ះពាល់ពលរដ្ឋជាង ៧ម៉ឺនគ្រួសារ, ដំណាំស្រូវជាង ១សែនហិកតា, ដំណាំសាវប្បកម្ម និងឧស្សាហកម្មជាង ៦ម៉ឺនហិកតា, ផ្លូវជាតិប្រវែង២ពាន់ម៉ែត្រ, ផ្លូវខេត្តប្រវែងជាង៣ម៉ឺនម៉ែត្រ និងផ្លូវក្នុងក្រុងចំនួន ២០ខ្សែ។

លោកអភិបាលខេត្តបន្តថា ក្រោយជំនន់ទឹកភ្លៀងចាប់ផ្ដើមស្រកចុះ និងបន្ទាប់មានការវាយតម្លៃពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រួសារពលរដ្ឋដែលអាចស្ដារឡើងវិញបានតាមការធ្វើកសិកម្មដំណាំស្រូវមានចំនួន ១០,៥០០គ្រួសារ ដែលស្មើនឹង ១០,៥០០ហិកតា ស្មើនឹងក្រុងស្រុកចំនួន៨ លើឃុំចំនួន៤៨ ភូមិចំនួន២៣១ ដោយសារទីតាំងដីរបស់គាត់ ស្ថិតក្នុងតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់ ក្នុងការស្រោចស្រពបាន។

ក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានជម្រាបប្រជាពលរដ្ឋពីការអាក់ខានៃការអញ្ជើញមកសួរសុខទុក្ខ និងចែកពូជស្រូវ ព្រមទាំងអំណោយពីសំណាក់សម្តេចតេជោ ហ៊ុន សែន។ សម្តេចក្រឡាហោម បានថ្លែងថា ពីដំបូងឡើយពិធីជួបសំណែះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ គឺគ្រោងប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្រ្តី ហើយសម្ដេចក៏នឹងអមដំណើរសម្ដេចតេជោចូលរួមដែរ ក៏ប៉ុន្តែសម្ដេចតេជោត្រូវជាប់ធ្វើចត្តាឡីស័ក ដោយសាររដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីដែលបានមកបំពេញទស្សនកិច្ចកម្ពុជាត្រូវបានរកឃើញថាមានជំងឺកូវីដ១៩បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនប្រជាពលរដ្ឋថាលទ្ធផលនៃការធ្វើតេសរកជំងឺកូវីដ១៩លើកទី១បង្ហាញថា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនមានជំងឺកូវីដ១៩នោះទេ និងថាពេលនេះ សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត កំពុងមានសុខភាពល្អប្រសើរ និងធ្វើចត្តាឡីស័កប្រកបដោយការយកចិត្តទុកដាក់ខ្ពង់បំផុត។ ក្នុងនាមប្រជាពលរដ្ឋទាំងជាង ១ម៉ឺននាក់នាឱកាសនេះ សម្ដេចបានថ្លែងបួងសួងសូមឱ្យសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ និងចៀសផុតពីជំងឺកូវីដ១៩។

នៅក្នុងឱកាសនោះដែរ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង សម្ដេចក្រឡាហោម បានថ្លែងអំណរព្រះរាជគុណព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រោសព្រះរាជទានអំណោយជូនប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តបាត់ដំបង និងតាមបណ្ដាខេត្តផ្សេងៗទៀត។ ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរកងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំជួយសង្គ្រោះជាប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងជួយសម្រួលការចាប់ផ្ដើមជីវភាពឡើងវិញ ពិសេសការបង្កបង្កើនផល។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជាដែលប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ បានប្រកាន់ខ្ជាប់នូវប្រពៃណីផ្សាភ្ជាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានបែងចែកការទទួលខុសត្រូវឱ្យមន្រ្តីចុះតាមគ្រប់មូលដ្ឋាន ដើម្បីតាមដានបញ្ហាប្រឈម និងសំណូមពរនានា និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ សម្ដេចបានសង្កត់ធ្ងន់ថាយើងទាំងអស់គ្នារួមសុខរួមទុក្ខជាមួយគ្នា និងមិនមានទំលាប់រត់ចោលគ្នានោះទេ។

នៅក្នុងការសំណេះសំណាលនោះដែរ សម្ដេចក្រឡាហោមក៏បានថ្លែងអំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខភាព អនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩, ចូលរួមប្រយទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការអប់រំណែនាំកូនចៅចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវរាយការណ៍ជូនសមត្ថកិច្ចនៅពេលបានឃើញករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានល្អដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលអំណោយនាឱកាសនេះ អញ្ជើញមកពីក្រុងបាត់ដំបង, ស្រុកបវេល, ស្រុកថ្មគោល, ស្រុកបាណន់, ស្រុកសង្កែ, ស្រុកគាស់ក្រឡ, ស្រុកមោងឫស្សី, និងស្រុកឯកភ្នំ។ ក្នុងមួយគ្រួសារ នឹងទទួលបានស្រូវពូជ ១០០គីឡូក្រាម, អង្ករ ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវមួយយួរ, ត្រីខមួយយួរ, ទឹកត្រីមួយយួរ, មីមួយកេស, ទឹកសុទ្ធមួយកេស, ភួយមួយ, មុងមួយ, កន្ទេលមួយ, និងថវិកា ៥ម៉ឺនរៀល៕