(ភ្នំពេញ)៖ អតីតមេកម្មាភិបាលខ្មែរក្រហម និងជាអតីតជនសង្ស័យក្នុងសំណុំរឿង០០៤ វគ្គ០២ នៃសាលាក្តីខ្មែរក្រហម លោក អោ អាន បានទទួលមរណភាព ក្នុងវ័យប្រមាណ ៨៧ឆ្នាំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

លោក នេត ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា «ខ្ញុំសូមបញ្ជាក់បន្ថែមថាអតីតជនសង្ស័យក្នុងសំណុំរឿង ០០៤/០២ អោ អាន បានទទួលមរណភាពកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង»

សូមបញ្ជាក់ថា លោក អោ អាន គឺជាអតីតអនុលេខាភូមិភាគកណ្ដាល និងជាលេខាតំបន់៤១ នៃរបបខ្មែរក្រហម ក្នុងខេត្តកំពង់ចាម ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទមនុស្សឃាតដោយចេតនា និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥។

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ លោក អោ អាន ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទឧក្រិដ្ឋកម្មថ្មីបន្ថែមទៀត រាប់ទាំងឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទៅលើជនជាតិចាម និងការរំលោភលើក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦ ជាដើម។

លោក នេត ភក្ត្រា បានបញ្ជាក់បន្ថែមថា សំណុំរឿង ០០៤/០២ ប្រឆាំងនឹង អោ អាន បានបិទបញ្ចប់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ សំណុំរឿងនេះ ក៏ត្រូវបានសហចៅក្រមស៊ើបអង្កេតចេញដីកាបង្គាប់រួមគ្នា ឲ្យបោះត្រា និងបញ្ចូលសំណុំរឿង ០០៤/២ ទៅក្នុងបណ្ណសាររួចហើយដែរកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ ចាប់តាំងពីពេល នោះមក អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាលែងមានយុត្តាធិការលើលោក អោ អាន ទៀតហើយ។

អង្គជំនុំជម្រះ តុលាការកំពូលនៃអង្គជំនុំជម្រះ វិសាមញ្ញ ក្នុង តុលាការ កម្ពុជា (អ.វ.ត.ក) បានបញ្ចប់សំណុំរឿង ប្រឆាំង អោ អាន នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញ។ បន្ទាប់ពីមាន «បណ្តឹងសាទុក្ខ ជាបន្ទាន់ ប្រឆាំង នឹងការរំលត់ជាធរមាននៃ សំណុំរឿង ០០៤/២ របស់ អង្គជំនុំជម្រះសាលាដំបូង» របស់សហព្រះរាជអាជ្ញាអន្តរជាតិ អង្គជំនុំជម្រះតុលាការកំពូល បាន ដោះស្រាយទឡ្ហីករណ៍នានារបស់សហព្រះរាជអាជ្ញាអន្តរជាតិ។

អង្គជំនុំជម្រះតុលាការកំពូល បានពិចារណាឃើញថា៖ «បើទោះបី ជាមានការឯកភាពគ្នាពាក់ព័ន្ធ នឹងចំនួនជនរងគ្រោះជាច្រើន នៅក្នុងភូមិភាគកណ្តាល» នៃកម្ពុជាប្រជាធិបតេយ្យក៏ដោយ «ក៏ពុំមានការ ឯកភាពគ្នាឡើយ បន្ទាប់ ពីរយៈ ពេ លដប់បីឆ្នាំនៃកិច្ច ស៊ើប សួរ ដែលថា អោ អាន ស្ថិត ក្នុង យុត្តាធិការ របស់ [អ.វ.ត.ក]ឬយ៉ាងណា»

អង្គជំនុំជម្រះតុលាការកំពូល បាន សម្រេចថា «ក្នុងករណី ដែល ពុំ មានដីកាបញ្ជូនរឿងទៅជំនុំជម្រះ ដែលជាក់លាក់ និង អាច អនុវត្តបាននោះ ដូចនេះ រឿង ក្តី ប្រឆាំង នឹង អោ អាន ត្រូវបញ្ចប់ នៅចំពោះមុខ អ.វ.ត.ក»

មកដល់ពេលនេះមន្ត្រីជាន់ខ្ពស់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងត្រូវបានតុលាការខ្មែរក្រហមលើកមកជំនុំជម្រះទោស ៥រូបហើយ ដែលបានស្លាប់បាត់បង់ជីវិតរួមមាន៖ អៀង ធីរិទ្ធ ស្លាប់នៅឆ្នាំ២០១៣, អៀង សារី ស្លាប់នៅឆ្នាំ២០១៣, នួន ជា ស្លាប់នៅឆ្នាំ២០១៩, កាំង ហ្គេកអ៊ាវ ហៅឌុច ស្លាប់នៅខែកញ្ញា ឆ្នាំ២០២០ និង អោ អាន ស្លាប់នៅថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០៕