(តៃប៉ិ)៖ រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ នេះក្រុមសង្គ្រោះនៅតែបន្តប្រតិបត្តិការ រុករកមនុស្សបាត់ខ្លួន ក្រោមគំនរអគារបាក់រលំនៅឡើយ ស្របពេលដែលមនុស្ស ស្លាប់ចាប់តាំងពីគ្រោះរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ វាយប្រហារភាគខាងត្បូងកោះតៃវ៉ាន់ កាលពីពេលទៀបភ្លឺថ្ងៃសៅរ៍ សប្តាហ៍មុន នោះបានកើនឡើងដល់ ៣៨នាក់។ នេះបើតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មានស៊ិនហួរ។

អាជ្ញាធរកោះតៃវ៉ាន់ បានធ្វើការសន្និដ្ឋានថា អ្នកស្លាប់អាចនឹងច្រើនជាង១០០នាក់ ក្រោយគ្រោះរញ្ជួយដីនៅតៃវ៉ាន់, ពីព្រោះនៅពេលនេះមានអ្នកស្លាប់៣៨នាក់ហើយ និងជាង១០០នាក់កំពុងបាត់ខ្លួន នៅក្រោមគំនរអគារ។

អាជ្ញាធរកោះតៃវ៉ាន់ បានអះអាងទៀតថា មនុស្សស្លាប់ ២៤នាក់ក្នុងចំណោម ៣៨នាក់នោះ គឺក្រុមអ្នករុករកបានយកចេញពីគំនរអគារបាក់រលំមួយ នៅក្នុងទីក្រុងតៃណាន (Tainan) ភាគខាងត្បូងកោះ។ លោកស្រី ម៉ា វៃគួ (Ma Wei-Kou) អ្នកនាំពាក្យប្រធានាធិបតីកោះតៃវ៉ាន់ លើកឡើងថា ក្រុមសង្គ្រោះនៅតែបន្តស្វែងរកមនុស្សជិត ១០០នាក់ទៀត ដែលគេបានអះអាងថា កំពុងបាត់ខ្លួនក្រោមគំនរអគារនៅឡើយ៕